ដោយ: គង់ លាងហួរ
ហុងកុង: តម្លៃផ្ទះនៅទីក្រុងហុងកុងបានកើនឡើង កាលពីខែមករា ដោយសារការបើកព្រំដែនឡើងវិញ និងលំហូរចូលជាលំដាប់ នៃអ្នកទស្សនា និងវិនិយោគិនដែលជួយឱ្យសន្ទស្សន៍ តម្លៃផ្ទះបញ្ចប់ការខាតបង់រយៈពេល៧ខែរបស់ខ្លួន។
សន្ទស្សន៍ផ្ទះប្រភេទទី២ នៅទីក្រុងហុងកុងបានកើនឡើង២ពិន្ទុ ឬ០,៦ភាគរយដល់៣៣៦,១ ក្នុងខែមករា ដែលជាការកើនឡើងប្រចាំខែដ៏ធំបំផុតរបស់សន្ទស្សន៍ គោលចាប់តាំងពីខែមេសា ឆ្នាំ២០២២។
លោក Derek Chan ប្រធានផ្នែកស្រាវជ្រាវរបស់ទីភ្នាក់ងារអចលនទ្រព្យ Ricacorp បានមានប្រសាសន៍ថា “ការកើនឡើង ដែលមិនបានរំពឹងទុកនេះអាចបន្តក្នុងរយៈពេលយូរ ដោយទទួលបានការកើនឡើងដល់១ភាគរយនៅក្នុងខែកុម្ភៈ និងកើនឡើង២ភាគរយក្នុងខែមីនា ខណៈរដ្ឋាភិបាល បានប្រកាសបន្ធូរបន្ថយពន្ធប្រថាប់ត្រា លើអ្នកទិញផ្ទះលើកដំបូង”។
លោក Derek Chan បានបន្តថា “យើងបានរំពឹងទុកពីការងើបឡើងវិញរាងជាអក្សរ U តែឥឡូវនេះ វាអាចជាការស្ទុះងើបឡើងវិញរាងអក្សរ V ហើយនេះជាការងើបឡើងវិញ យ៉ាងលឿនជាងការរំពឹងទុករបស់យើង”។
ទិន្នន័យបានបង្ហាញថា តម្លៃផ្ទះល្វែងដែលមានទំហំចន្លោះពី៧៥៣ទៅ១.០៧៥ហ្វីតការ៉េ (រហូតដល់៩៩,៩ម៉ែត្រការ៉េ) និងចាត់ទុកថាជាទំហំ ដែលត្រូវការបំផុត សម្រាប់គ្រួសារខ្នាតមធ្យម នៅទីក្រុងហុងកុងបានកើនឡើងយ៉ាងខ្លាំងបំផុត។
គម្រោងលំនៅដ្ឋាន Taikoo Shing របស់ក្រុមហ៊ុន Swire Properties នៅភាគខាងកើតនៃកោះហុងកុង បានមើលឃើញពីការកើនឡើងដ៏ធំបំផុតកាលពីខែមករា ដែលតម្លៃផ្ទះជាមធ្យមបានកើនឡើង២២,៣ភាគរយ ដល់ចំនួន១៧.៦៥៦ដុល្លារហុងកុងក្នុងមួយហ្វីតការ៉េ។
លោក Chan បានអះអាងថា “ប្រសិនបើសន្ទុះនៅតែល្អ នោះតម្លៃផ្ទះអាចនឹងកើនឡើងបន្ថែមទៀត៥ភាគ រយនៅក្នុងត្រីមាសទី២ ដែលជំរុញឱ្យតម្លៃផ្ទះអាចកើនឡើងសរុប ជិតដល់៩ភាគរយនៅក្នុងឆមាសទី១”៕