ដោយៈ គង់ សូរិយា
ភ្នំពេញៈ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍ឲ្យដឹងថា ស្ពានអាកាសអូសលើផ្លូវជាតិលេខ៥ អតីតៈ តំបន់ឃ្លាំងសាំងសូគីម៉ិច នឹងបើកដំណើរការនៅថ្ងៃទី១ មិនានេះហើយ។
លោកឃួង ស្រេងបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុកមួយថា ស្ពានអាកាសនេះ បានបញ្ចប់ការសាងសង់ ហើយលោកទើបស្នើសុំសម្តេចតេជោ ដើម្បីបើកដំណើរការស្ពាននេះ ដែលសម្តេចបានឯកភាពហើយ។
-->

លោកបន្តថា “ស្ពានអាកាសនេះ នឹងជួយសម្រួលការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះ ចរាចរណ៍បានច្រើននៅតំបន់នេះ”។
លោកឃួង ស្រេងបានឲ្យដឹងទៀតថា ជាមួយគ្នានេះ ស្ពានអាកាសយោងដោយខ្សែកាប ឆ្លងកាត់ទន្លេរសាប តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់ទីក្រុងរណបជ្រោយចង្វាររបស់ក្រុមហ៊ុនOCIC នឹងបើកដំណើរការនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
លើសពីនេះ អភិបាលរាជធានីភ្នំពេញរូបនេះ បានបង្ហើបពីគំរោងសាងសង់ស្ពានតភ្ជាប់ពីតំបន់ព្រែកប្រា ទៅកាន់ផ្លូវ៥០ម៉ែត្រនាពេលខាងមុខផងដែរ ខណៈមន្ទីរសាធារណៈការ និងដឹកជញ្ជូនបានបញ្ចប់ការសិក្សាហើយផងដែរ។
ទោះជាយ៉ាងណាលោកមិនទាន់បញ្ជាក់ឲ្យដឹងថា ស្ពានឆ្លងកាត់ទន្លេរបាសាក់ ពីតំបន់ព្រែកប្រា ទៅកាន់ផ្លូវ៥០ម៉ែត្រនឹងសាងសង់នាពេលណា និងចំណាយថវិកាប៉ុន្មានលានដុល្លារនៅឡើយទេ៕
