ដោយៈ ជេស៊ីកា
ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យបានលើកឡើងនូវទស្សនៈស្របគ្នា និងមិនស្របគ្នាខ្លះជុំវិញការវិលត្រលប់ មករបស់អ្នកធុរជនចិនវិលមកកាន់កម្ពុជា។
អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ភាពមិនច្បាស់លាស់នៃសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន អាចបង្កហានិភ័យណាមួយកើតឡើង ដូច្នេះរាល់ការវិនិយោគទាំងអស់ ត្រូវរង់ចាំមើលទៅលើសភាពការនៃវិបត្តិទាំងនេះ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងក្នុងសប្តាហ៍នេះថា “វិបត្តិបង្កឡើងដោយមហាអំណាចរុញច្រានគ្នា ធ្វើឱ្យកើតមានភាពមិនច្បាស់លាស់សេដ្ឋកិច្ចសកល”។លោកបន្ថែមថា “ហេតុដូច្នេះហើយ ការព្យាករណ៍អំពីវិនិយោគិនចិន ហូរចូលមកកម្ពុជា ក៏មិនអាចទស្សទាយបានឡើយ”។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានទាញហេតុផល តាមរយៈទឡ្ហីករណ៍មួយចំនួន ដោយរំពឹងថា ចិននឹងចូលមកវិនិយោគនៅកម្ពុជាឡើងវិញ នាឆ្នាំ ២០២៥ខាងមុខ។
លើសពីនេះទៀត មូលហេតុដែលនាំឱ្យចិន បន្តចូលមកវិនិយោគនៅពេលខាងមុខ គឺទាក់ទិននឹងការអភិវឌ្ឍអគារ ជាប់គាំងនៅខេត្តព្រះសីហនុ។
លោកបណ្ឌិត បានបញ្ជាក់ថា “អគារច្រើនណាស់ជាទ្រព្យសម្បត្តិរបស់ចិនដែលនៅកំពង់សោម ទ្រព្យសម្បត្តិទាំងអស់នេះ គេមិនទុកចោលនោះទេ គេ(ចិន) នឹងស្វែងរកដំណោះស្រាយ ដើម្បីរុញឱ្យអគារទាំងអស់នេះមកប្រើឡើងវិញ ដូច្នេះវិនិយោគចិន នឹងអាចត្រឡប់មកវិញ”។
លោកបណ្ឌិត សង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងកម្ពុជា ចិន មិនអាចខ្វះគ្នាបានឡើយ ពិសេសលើការវិនិយោគ។ ការវិនិយោគរបស់ចិន នៅកម្ពុជាមានសារៈសំខាន់ ពោលគឺពលរដ្ឋខ្មែរជាង ១លាននាក់ បម្រើក្នុងវិស័យកាត់ដេរ គឺកើតឡើងពីការវិនិយោគភាគច្រើនរបស់ចិន។ លោកលើកឡើងទៀតថា ពាណិជ្ជកម្មកម្ពុជា ចិន កើនឡើងជិត ១២ពាន់លានដុល្លារ នៅឆ្នាំ ២២០២២ បើទោះជាស្ថិតក្នុងវិបត្តិកូវីដ។
ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ថា ពិតជាមានការវិលត្រលប់របស់អ្នកវិនិយោគចិន និងអ្នកវិនិយោគពីតំបន់អាស៊ី ប៉ុន្តែអ្វីដែលពួកគេមកក្នុងនាមជាអ្នកទេសចរណ៍សិន ពួកគាត់មកក្នុងរូបភាពតិចតួច មិនទាន់ទូលំទូលាយនៅឡើយ។
អ្នកស្រីបន្តថា “អ្នកវិនិយោគបរទេស ពិសេសចិន ពួកគាត់ចាប់ផ្តើម ផ្តោតលើវិស័យឧស្សាហកម្ម និងកសិកម្មជាមុន ដោយមិនផ្តោតលើទីផ្សារបដិសណ្ឋារកិច្ច និងអចលនទ្រព្យធំៗនៅឡើយទេ”។
ជាមួយគ្នានេះ លោកបណ្ឌិតតេង រិទ្ឋអគ្គនាយកក្រុមហ៊ុនR Investment Co, Ltdបានមានប្រសាសន៍ឲ្យដឹងផងដែរថា មានអ្នកវិនិយោគចិនចាប់ផ្តើមមកវិញច្រើន ជាសញ្ញាល្អ ប៉ុន្តែខ្យល់មិនទាន់ល្អនៅឡើយទេទាក់ទងនឹងការលក់ទិញ តែការអភិវឌ្ឍន៍ក្នុងវិស័យនេះ ចាប់ផ្តើមមានសញ្ញាវិជ្ជមាន។
លោកបណ្ឌិតបន្តថា “ស្ថានភាពប្រហែលជាមិនយូរទេ អាចនឹងចាប់ ផ្តើមនាពេលខាងមុខ ប៉ុន្តែអ្នកវិនិយោគទាំងនោះផ្តោតលើកសិកម្ម និងឧស្សាហកម្មច្រើនជាង”។
ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុនERA Cambodiaបានលើកឡើងផងដែរថា ក្រុមអ្នកវិនិយោគចិន និងបណ្តាប្រទេសផ្សេងៗទៀតចូលមកកម្ពុជានាពេលនេះ ស្ថិតក្នុងរូបភាពពីរ ទី១ ក្នុងនាមជាអ្នកទេសចរណ៍ និងទី២ ជាអ្នកវិនិយោគ។
លោកបន្តថា “សម្រាប់ការសម្លឹងរបស់អ្នកធុរកិច្ចចិន ដែលពួកគេសម្លឹងមក កម្ពុជាគឺជាប្រទេសមានសក្តានុពលសឹងគ្រប់វិស័យ មិនថាក្នុងវិស័យអចលនទ្រព្យ ទេសចរន៍នោះទេ”។ លោកបន្តថា “ហេតុនេះ បើក្នុងនាមយើងជាអ្នកវិនិយោគក្នុងស្រុក យើងគួរពង្រឹងគុណភាពនៃការអភិវឌ្ឈន៍ របស់យើង ពង្រឹងដៃគូក្នុងភាពជាដៃគូ និងពង្រឹងនូវសេវាកម្មសុខភាព សាលារៀន សុវត្ថិភាព និងផាសុខភាពរបស់ពួកគាត់”។
ជាមួយគ្នានេះ អ្នកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co, Ltdបានមានប្រសាសន៍ឲ្យដឹងថា យើងពិតជាឃើញភ្ញៀវទេសចរណ៍បរទេស ទេសចរណ៍ចិន មកកាន់រាជធានីភ្នំពេញបណ្តើរៗ អ្នកស្រីពិតជាសប្បាយចិត្ត ប៉ុន្តែសម្រាប់ការវិនិយោគ ហាក់មិនទាន់មានសញ្ញាលេចឡើងជាដុំកំភួនណាមួយនៅឡើយទេ។
អ្នកស្រីបន្តថា “យ៉ាងណាយើងនៅតែមានសុទិដ្ឋិនិយម ពីកំណើននៃការវិនិយោគរបស់ចិនឡើងវិញនាពេលខាងមុខ ខណៈស្ថានភាពពេលនេះ
ពួកគាត់ដើរសិក្សាទីផ្សារនៅឡើយ”៕