សកម្មភាពទិញលក់និងតម្លៃដីធ្លីក្នុងខេត្តបាត់ដំបងយ៉ាប់ជាងឆ្នាំមុន

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ខេត្តបាត់ដំបងជាខេត្តជាប់ព្រំដែនកម្ពុជាថៃនិងជាតំបន់ដ៏មានសក្ដានុពលមួយសម្រាប់ការវិនិយោគ ហើយកន្លងមកបាត់ដំបងក៏មានគម្រោងមួយចំនួនដែលបានបោះទីតាំងវិនិយោគនៅទីនោះដែរ ប៉ុន្តែក្នុងកាលៈទេសៈនៃវិបត្តិកូវីដ១៩ បានធ្វើឱ្យសកម្មភាពនៅតំបន់នេះក៏ហាក់ថមថយបន្តិច ។ ក្នុងឆ្នាំ២០២៣ គេសង្ឃឹមថាអ្វីៗនឹងប្រសើរឡើង តែបើតាមការបញ្ជាក់ពីភ្នាក់ងារអចលវត្ថុមួយរូបនៅខេត្តមួយនេះថាស្ថានភាពមើលទៅដូចចង់យ៉ាប់ជាងឆ្នាំមុន ។

លោកកែវ សារ៉ន ប្រធានសាខានៃក្រុមហ៊ុនCentury 21 Zillion Holding ប្រចាំខេត្តបាត់ដំបងបានឱ្យដឹងថា មកដល់ដើមឆ្នាំ២០២៣នេះ ស្ថានភាពអចលនទ្រព្យនៅក្នុងខេត្តបាត់ដំបងមើលទៅដូចជាស្ងាត់ជាងឆ្នាំ២០២២ ទៅទៀត ទាំងការទិញលក់ និងតម្លៃដីធ្លី ក៏ដូចជាគម្រោងវិនិយោគថ្មីៗ ។

លោកបន្តថា អ្នកលក់ដីធ្លីមានច្រើនតែអ្នកទិញមានតិច ហើយនៅពេលដែលអ្នកទិញចង់ទិញដី បែរជាម្ចាស់ដីចង់បានតម្លៃខ្ពស់ និងធ្វើឱ្យការទិញលក់មិនបានសម្រេច ។ ទាំងនេះហើយដែលធ្វើឱ្យការទិញលក់ ការដោះដូរអចលនទ្រព្យនៅក្នុងមួយនេះកាន់តែស្ងាត់ទៅៗ ។ លោកថា”មានដីមួយកន្លែងនោះដែលខ្ញុំបានទទួលលក់ឱ្យភ្ញៀវតាំងពីតម្លៃ៦០ម៉ឺនដុល្លារធ្លាក់ដល់៤៥ម៉ឺនដុល្លារអាមេរិកហើយក៏នៅមិនមានអ្នកមកចរចាទិញដែរ ” ។

លោកសារ៉នបានបន្ថែមថា អ្នកមានលុយមួយចំនួនគេចាំមើលសិនពីស្ថានភាពពីព្រោះពេលនេះបើយើងក្រលេកទៅមើលស្ថានភាពសេដ្ឋកិច្ចពិភពលោកគឺនៅមិនទាន់បានប្រសើរនៅឡើយ ហើយអ្នកវិនិយោគគេតាមដានរឿងនេះណាស់ ដូច្នេះគេអាចនឹងមិនទាន់ដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យ ។

អ្នកស្រីអាន សុធីតា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងផងដែរថា បាត់ដំបងជាខេត្តមានសក្ដានុពលមួយ ហើយខេត្តនេះក៏មានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ ដូចជាផ្លូវជាតិលេខ៥ក៏ជិតនឹងរួចរាល់ហើយផងដែរ ។

អ្នកស្រីបន្តថា នៅពេលបច្ចុប្បន្ននេះ បណ្ដាខេត្តដូចជាបាត់ដំបង ពោធិ៍សាត់និងបន្ទាយមានជ័យអាចនឹងមិនទាន់មានការដាក់ទុនវិនិយោគច្រើនទេ តែនៅពេលអនាគតនឹងមានការចាប់អារម្មណ៍ខ្លាំងពីព្រោះយើងមើលគម្រោងអភិវឌ្ឍន៍របស់រដ្ឋមួយចំនួនបានផ្ដោតលើបណ្ដាខេត្តទាំងនេះ ដូចជាគម្រោងផ្លូវដែកល្បឿនលឿន ផ្លូវជាតិលេខ៥ ផ្លូវពីបាត់ដំបងទៅសៀមរាប ជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here