ដោយៈ សហសេវិក
ភ្នំពេញៈ លោក ថុន បូរ៉ា ជាស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន ខេអេចលែន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី “ការចាប់ផ្តើមវិស័យអចលនទ្រព្យដ៏ត្រឹមត្រូវ និងជោគជ័យបំផុត”។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកថុន បូរ៉ា ជាស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន ខេអេច លែន សិក្ខាសាលានេះបានរៀបចំឡើងរយៈពេល ១ថ្ងៃពេញ នៅសណ្ឋាគា ដារ៉ា អ៊ែផត (Dara Airport Hotel) ផ្សារទំនើប រតនៈផ្លាស្សា ជាន់ទី៨ ដោយមានការចូលរួមពីអតិថិជន និងដៃគូសហការចំនួន៤០០នាក់។
លោកអគ្គនាយក ថុន បូរ៉ា បានចែករំលែកពីគន្លឹះសំខាន់ៗ ផ្ដល់បទពិសោធន៍ ពាក់ព័ន្ធលើវិស័យអចលនទ្រព្យ ដល់សិក្ខាកាមដែលបានចូលរួម លោកបានថ្លែងថា វគ្គបណ្តុះបណ្តាលនាពេលនេះ នឹងដើរតួជាវេទិកាមួយជួយពង្រឹងសមត្ថភាព និងចំណេះដឹងដល់ដៃគូសហការ។
ជាមួយគ្នានោះផងដែរ លោកអគ្គនាយក ថុន បូរ៉ា បានធ្វើបទបង្ហាញពីការរីកចម្រើន និងការអភិវឌ្ឍក្នុងគម្រោង ដែលមានទំហំដី ១០០ហិចតា ព្រមទាំងបានគិតគូរ យកចិត្តទុកដាក់ខ្ពស់លើហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូ ប្រព័ន្ធភ្លើងបំភ្លឺផ្លូវ អគិ្គសនីប្រើប្រាស់ជាប្រភេទស្តង់ដារ។
ក្នុងគម្រោងមានការអភិវឌ្ឍចំរុះជាច្រើន ដូចជា ផ្ទះ១០០០ល្វែង តំបន់ពាណិជកម្ម ដ៏មានសក្កានុពលទាំង១០ បូករួមទាំងទីធ្លាសម្រាប់រៀបចំកម្មវីធីធំៗ មានជាប្រភេទផ្សារខ្នាតធំ ក្នុងគម្រោងអាចបំរើសេវាកម្ម ទាំងក្នុង និងជុំវិញគម្រោងបាន ក្រៅពីនេះមានជាប្ភេទដីឡូតិ៍គ្រប់ទំហំជាង៥០០០ឡូតិ៍ស្របតាមតម្រូវការអតិថិជន។
លោកបានបញ្ជាក់ច្បាស់ៗថា ការអភិវឌ្ឍក្នុងគម្រោងផ្អែកលើកត្តា ៤ ធំៗ គឺ កត្តាភូមិសាស្រ្ត ស្ថិតក្នុងតំបន់ទីប្រជុំជនហ៊ុមព័ទ្ធដោយរោងចក្រ សហគ្រាសធំៗ កត្តាប្រជាសាស្រ្ត ជាតំបន់មានប្រជាជនរស់នៅច្រើនកុះករ កត្តាអភិវឌ្ឍរបស់រដ្ឋ មានប្រព័ន្ធទឹក ភ្លើង និងផ្លូវខ្វាត់ខ្វែង កត្តាអភិវឌ្ឍន៏ក្នុងគម្រោងផ្ទាល់ មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមស្តង់ដា មានបណ្តាញទឹក ភ្លើង ប្រព័ន្ធលូត្រឹមត្រូវ ។
មុនបញ្ចប់វគ្គបណ្តុះបណ្តាល លោកអគ្គនាយក ថុន បូរ៉ា បានបន្ថែមទៀតថាអតិថិជន ឫដៃគូសហការដែលបានវិនិយោគ ក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច មិនត្រឹមតែទិញដោយទំនុកចិត្តប៉ុណ្ណោះទេ ហើយអាចចំណេញទៅថ្ងៃខាងមុខ៕