ដោយគង់ សូរិយា
ភ្នំពេញ: លោកឧកញ៉ាតាន់ មុនីវណ្ណប្រធានក្រុមហ៊ុនម៉ុង រិទ្ឋីគ្រុបបានថ្លែងថា អ្នកវិនិយោគពុះដីឡូត៍លក់កំពុងធ្វើបានប្រជាជនក្រីក្រ និងវិស័យនេះកំពុងឈានទៅរកអន្តរាយនាពេលអនាគត។
លោកបណ្ឌិតឧកញ៉ាបានមានប្រសាសន៍ ក្នុងពិធីបើកសន្និបាតសមាគមអ្នកអភិវ ឌ្ឍន៍លំនៅដ្ឋានកាលពីថ្ងៃទី១១ មករាកន្លងមកថា បញ្ហាដីឡូត៍បានក្លាយជារឿងក្តៅ ដែលអ្នកវិនិយោគដីឡូត៍ហ៊ានឲ្យកម្រៃជើងសារអ្នកលក់១០០០ទៅ១៥០០ដុល្លារក្នុងមួយឡូត៍ ដែលដីមានទំហំ៤គុណនឹង១៥ម៉ែត្រ។លោកបន្តថា តើដីឡូត៍បែបនេះមានការរៀបចំប្រព័ន្ឋទឹក ភ្លើង និងប្រព័ន្ឋលូបែបណា ហើយហេដ្ឋារចនាសម្ព័ន្ឋបានរៀបចំបែបណា តាមផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលយ៉ាងដូចម្តេច។
លោកបន្តថា “តើអ្នកណាទៅសង់ផ្ទះនៅលើដីឡូត៍ទាំងនោះ តើគេសាងសង់ផ្ទះដូចម្តេចផ្ទះស្បូវ ផ្ទះល្វែងឬយ៉ាងណា? វានឹងក្លាយជាតំបន់ដែលមានសំណង់មិនរៀបរយ”។លោកបណ្ឌិតបន្តថា “យើងធ្វើជំនួញក៏ត្រូវមានក្រមសីលធ៌មដែរ យើងមិនគួរធ្វើបាបប្រជាជនក្រីក្រទេ ខ្ញុំមិនធ្វើទេ។ អ្នកមានទៅធ្វើបាបអ្នកក្រីក្រ នោះជារឿងមិនគួរកើតឡើងទេ”។






