ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្របពេលទីផ្សារខុនដូ និងចំនួនយូនីតខុនដូបានកើនឡើងដល់រាប់ម៉ឺនយូនីតនៅក្នុងទីផ្សារ បានធ្វើឲ្យផ្នែកនេះដណ្តើមចំណែកទីផ្សារអាផាតម៉ិនកាន់តែខ្លាំង។
ការកើនឡើងនូវយូនីតខុនដូ កំពុងធ្វើឲ្យអ្នកជួលមានជម្រើសកាន់តែច្រើនជាងមុន ហើយពួកគេអាចជ្រើសរើសយូនីតខុនដូជំនួសវិញ ដោយសារខុនដូមានការឌីសាញ មានសេវាកម្មចម្រុះ និងមានការរស់នៅបែបសហគមន៍ច្រើនជាងអាផាតម៉ិន ដែលភាគច្រើនត្រូវបានគ្រប់គ្រងជាលក្ខណៈគ្រួសារ។
លោកញឹម រាសីអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យWHបានមានប្រសាសន៍ថា ដោយសារការរស់នៅលើខុនដូ មានភាពងាយស្រួល និងយូនីតមានទំហំសមល្មម បានធ្វើឲ្យខុនដូដណ្តើមបានចំណែកទីផ្សារមួយចំនួនពីអាផាតម៉ិន ដែលខុនដូមានសេវាកម្មចម្រុះ និងជាយូនីតថ្មីៗ។
លោកបន្តថា “ជាមួយគ្នានេះ ការវិនិយោគខុនដូមានឱកាសទទួលបានផលចំណេញ ពីការវិនិយោគខ្ពស់ ធៀបនឹងការវិនិយោគលើផ្នែកអចលនទ្រព្យដទៃទៀត”។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារអាផាតម៉ិន ពិតជាប្រឈមមុខនឹងការប្រកួតប្រជែងច្រើន ដែលទំហំទីផ្សារមិនសូវមានការកើនឡើង ប៉ុន្តែការវិនិយោគសាងសង់អាផាតម៉ិន បានកើនឡើងក្នុងទីផ្សារ។
លោកបណ្ឌិតបន្តថា “ពីមុនអ្នកមានអាផាតម៉ិនកំពស់ត្រឹម៨ទៅ១០ជាន់ អាចជាស្តេចមួយក្នុងទីផ្សារ ប៉ុន្តែពេលនេះអាគារអាផាតម៉ិនកាន់តែទំនើប និងមានកំពស់ខ្ពស់ៗ”។ លោកបន្តថា “ទីផ្សារនេះកាន់តែប្រកួតប្រជែង ដែលទាមទារឲ្យម្ចាស់ អាផាតម៉ិននិមួយៗគិតគូពីការរៀបចំសេវាកម្ម គុណភាព និងសោភ័ណភាពអាគាររបស់ខ្លួនឲ្យបានល្អប្រសើរ”៕