ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការចាក់ខ្សាច់ ការរៀបចំបណ្តាញអគ្គិសនី ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ឋក្រោមដីដទៃទៀត សម្រេចបានតាមផែនការ និងដាក់ឲ្យដំណើរការតាមការគ្រោងទុក។
អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋនៅទីក្រុងរណបកោះនរា សម្រេចបានតាមផែនការរបស់ខ្លួន ខណៈស្ពានតភ្ជាប់ពីទីក្រុងនេះ ទៅកាន់ទីក្រុងកោះពេជ្រសម្រេចបានជាង៦០ភាគរយផងដែរ។
លោកបន្តថា “អ្វីៗនឹងបញ្ចប់តាមផែនការគ្រោងទុក ខណៈការសាងសង់បច្ចុប្បន្នបានដំណើរការដោយរលូនផងដែរ”។
ទីក្រុងកោះនរា វិនិយោគដោយក្រុមហ៊ុនocic ស្ថិតនៅលើទំហំដី១២៥ហិកតា ដែលការរៀបចំហេដ្ឋារចនាសម្ព័ន្ឋនានាបាន និងកំពុងចំណាយទុនប្រមាណ២៥០០លានដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់លោកទូច សំណាង។
ជាមួយគ្នានេះ អ្នកឧកញ៉ាពុង ឃាងសែប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនocicបានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់ពីទីក្រុងកោះនរា ទៅកាន់ទីក្រុងកោះពេជ្រក្រោមអធិបតីភាពរបស់សម្តេចតេជោបានបញ្ជាក់ថា នៅពេលទីក្រុងនេះដំណើរការពេញលេញ គំរោងទីក្រុងរណបនេះ នឹងអាចផ្តល់ចំណូលពន្ឋដល់ប្រទេសរាប់លានដុល្លារអាមេរិក។
តាមផែនការក្រុមហ៊ុនocic នឹងវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់អាគារកប់ពពក ដែលមានកំពស់ជាង៦០០ម៉ែត្រ នៅលើទីក្រុងកោះនរាផងដែរ។ អគារនេះត្រូវបានឌីសាញបញ្ចប់ដោយក្រុមហ៊ុនដ៏ល្បីរបស់អង់គ្លេស គឺក្រុមហ៊ុនFoster & Partner ដែលជាក្រុមហ៊ុនឌីសាញ ព្រលានយន្តហោះអន្តរជាតិតេជោផងដែរ៕