ដោយៈ ជេស៊ីកា
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ទីផ្សារខុនដូនៅក្រុងព្រះសីហនុចាប់ផ្តើម មានសញ្ញាប្រសើរឡើងវិញបណ្តើរៗហើយ ដោយសារកត្តាមួយចំនួន។
អគ្គនាយកក្រុមហ៊ុនERA Cambodiaលោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញ តេឡេក្រាមកាលពីល្ងាចថ្ងៃទី៨ មិនាថា សកម្មភាពទិញ លក់ ជួល ខុនដូ ក៏ដូចជាអចលនទ្រព្យមួយចំនួនទៀត នៅក្រុងព្រះសីហនុ បានងើបឡើងវិញ បន្ទាប់ពីការបើកដំណើរការផ្លូវល្បឿនលឿន និងការមកដល់របស់ភ្ញៀវទេសចរណ៍បរទេស និងអ្នកវិនិយោគចិនមួយចំនួន។
លោកបន្តថា “អ្វីៗមានភាពប្រសើរ ជាមួយនឹងសុទិដ្ឋិនិយម ស្របពេលតម្លៃជួលនៅទីតាំងមួយចំនួន ទទួលបានតម្លៃខ្ពស់ផងដែរ”។ លោកបន្តថា “ទីផ្សារនេះបាននិងកំពុងបង្ហាញសញ្ញាវិជ្ជមាន ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគកាន់តែច្រើន”។
អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា អាគារជាប់គាំងចំនួន៨៩ បានចាប់ផ្តើមសាងសង់ឡើងវិញនៅក្រុងព្រះសីហនុ ក្នុងចំណោមអាគារដែលរដ្ឋបាលខេត្ត បានកំណត់អត្តសញ្ញាណជាង៣០០ទីតាំង។
ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ហាក់មានសញ្ញាងើបឡើងប្រសើរជាងគេលើវិស័យអចលនទ្រព្យ បន្ទាប់ពីផ្លូវល្បឿនលឿនបើកដំណើរការកាលពីចុងឆ្នាំមុន។
អ្នកស្រីបន្តថា “យ៉ាងណាទីផ្សារនេះ នៅតែត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យអចលនទ្រព្យនៅទីក្រុងនេះ មានសកម្មភាពរសរវើកឡើងវិញ”៕