ដោយស៊ីវ ម៉េង
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសបង្ហើប ពីគំរោងសាងសង់ហេដ្ឋារចនាសម្ព័នធំៗចំនួន៣ ដែលបាននិងកំពុងគ្រោងសាងសង់នាពេលខាងមុខ។

សម្តេចតេជោហ៊ុន សែនបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវហាយវេដ៏ធំមួយ តភ្ជាប់ជាមួយផ្លូវមេអាស៊ាននាព្រឹកថ្ងៃទី១៤ មករានេះថា បច្ចុប្បន្នរដ្ឋាភិបាលបាន និងកំពុងសាងសង់ស្ពានភ្ជាប់រវាងស្រុកស្ទឹងត្រង់ ក្នុងខេត្តកំពង់ចាម តភ្ជាប់ទៅកាន់ស្រុកក្រូចឆ្មារនៃខេត្តត្បូងឃ្មុំ ដែលបាននិងកំពុងសាងសង់ ហើយជាមួយនេះ យើងកំពុងសិក្សានិងគ្រោងសាងសង់ស្ពាននៅទីរួមខេត្តក្រចេះ ដើម្បីតភ្ជាប់រវាងខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំ តាមរយៈការតភ្ជាប់រវាងផ្លូវជាតិលេខ៧និងផ្លូវជាតិលេខ៦។
សម្តេចតេជោហ៊ុន សែនបានបន្តថា ជាមួយគ្នានេះរដ្ឋាភិបាលកំពុងស្វែងរកថវិកាដើម្បីសាងសង់ស្ពានភ្ជាប់រវាងខេត្តកោះកុង និងខេត្តពោធិសាត់ផងដែរ តាមរយៈការសាងសង់ផ្លូវភ្ជាប់ពីខេត្តកោះកុង ឆ្លងកាត់ខេត្តពោធិសាត់ មកកាន់ស្រុកសំឡូត ក្នុងខេត្តបាត់ដំបងនាពេលខាងមុខផងដែរ ដើម្បីសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម ព្រោះប្រជាជននាភូមិភាគពាយ័ព្យនាពេលបច្ចុប្បន្ននេះ ចង់ទៅកាន់ខេត្តកោះកុង ត្រូវមកកាន់រាជធានីភ្នំពេញ ហើយទើបចេញពីរាជធានីភ្នំពេញ ទៅខេត្តកោះកុង ហេតុនេះនៅពេលមានផ្លូវនេះ ប្រជាជនមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរវាងឆ្ងាយទៀតនោះទេ។








