ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងដ៏ស្តុកស្តម្ភសម្បូរបែប Changzhou ក្នុងខេត្ត Jiangsu ភាគខាងកើតនៃប្រទេសចិន បានបន្ធូរបន្ថយការរឹតបន្តឹងលើការលក់លំនៅដ្ឋានចេញទៅវិញ(Resale) ដែលសកម្មភាពនេះស្របតាមវិធានការរបស់ទីក្រុងលំដាប់ទី២ជាច្រើន ដើម្បីបង្កើនតម្រូវការទីផ្សារដែលកំពុងជួបការលំបាក។
ចំណាត់ការនេះអនុញ្ញាតឱ្យ ម្ចាស់ផ្ទះអាចដាក់លក់ផ្ទះរបស់ពួកគេបាននៅលើទីផ្សារនៅពេលពួកគេទទួលបានប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ ជំនួសឱ្យការដែលត្រូវរង់ចាំអស់ពេល២ឆ្នាំ បន្ទាប់ពីការទិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យលំនៅដ្ឋានរបស់ទីក្រុង Changzhou កាលពីថ្ងៃអង្គារកន្លងទៅថ្មីៗនេះ។
ម្ចាស់ផ្ទះជាធម្មតាត្រូវរង់ចាំចន្លោះពី៣ទៅ៦ខែ ដើម្បីទទួលបានប័ណ្ណកម្មសិទិ្ធរបស់ពួកគេ មានន័យថារយៈពេលកំណត់ត្រូវបានកាត់បន្ថយយ៉ាងហោចណាស់១៨ខែក្នុងករណីភាគច្រើន ហើយវិធានការនេះបានចូលជាធរមានកាលពីថ្ងៃទី ១៥ ខែកុម្ភៈមកម្ល៉េះ។
យោងតាមគេហទំព័រផ្លូវការរបស់រដ្ឋបាលទីក្រុងបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ទីក្រុង Changzhou បានកើនឡើងដល់១៧៨.២៤៣យ័ន(២៥.៧១១ដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២២។
ការដាក់កំហិតលើការលក់ផ្ទះចេញវិញ (Resale) គឺជាឧបករណ៍សំខាន់ ដែលនិយតករធ្លាប់បានប្រើដើម្បីទប់ស្កាត់ការទិញទុកចំណេញនៅក្នុងវិស័យអចលនទ្រព្យ ក្នុងគោលបំណងដើម្បីទប់ទល់នឹងតម្លៃកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ចំណាត់ការនេះធ្លាប់ត្រូវបានប្រើប្រាស់ដោយអាជ្ញាធរចិនចាប់តាំងពីឆ្នាំ២០១៧ រួមជាមួយនឹងវិធានការផ្សេងទៀតដូចជាការកំណត់បរិមាណផ្តល់ប្រាក់កម្ចី ការរឹតបន្តឹងលើការទិញផ្ទះដើម្បីទប់ទល់នឹងស្ថានភាពផ្ទះច្រើនតែគ្មានអ្នកណារស់នៅ។
ទោះបីជាយ៉ាងនេះក្តី អ្វីៗទាំងអស់បានផ្លាស់ប្តូរនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅពេលដែលរដ្ឋបាលក្នុងតំបន់បានងាកទៅរកគោលនយោបាយគាំទ្រដើម្បីជួយសង្គ្រោះដល់វិស័យអចលនទ្រព្យដែលកំពុងតែជួបបញ្ហា ចាប់ពីការធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកអភិវឌ្ឍន៍ក្នុងការទទួលបានមូលនិធិរហូតដល់ការបញ្ចុះអត្រាប្រាក់កម្ចីទិញផ្ទះដើម្បីជំរុញការលក់៕