ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ក្នុងរយៈពេលជាង១ទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលបានបង្កើតក្រុងថ្មីៗ នៅតាមបណ្ដាខេត្តនានា ដោយខេត្តខ្លះមានខេត្តខ្លះទៀត មានទីក្រុង១ ខេត្តខ្លះ មានក្រុងរហូតដល់ទៅ៣។
ការបង្កើតក្រុងថ្មីៗ នៅតាមបណ្ដាខេត្តនានានេះ ក៏បាននិងកំពុងជំរុញចលនាអភិវឌ្ឍន៍អ ចលនទ្រព្យនៅតាមបណ្ដា ក្រុងទាំងនោះ យ៉ាងសកម្មភាពផងដែរ។
ការបង្កើតក្រុង គឺចាំបាច់ណាស់ ត្រូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក និងភ្លើង ដើម្បីទាក់ទាញមនុស្សឱ្យទៅរស់នៅ ក្នុងទីក្រុងថ្មីនោះកាន់តែច្រើន ហើយជាលទ្ធផលក្រោយ ពេលរដ្ឋាភិបាលបង្កើតក្រុងរួចក៏ឃើញថា មានការអភិវឌ្ឍអចលនទ្រព្យ កាន់តែច្រើនផងដែរ ជាពិសេសទៅលើលំនៅឋាន ។
លោកសុខ គែន នាយកប្រតិបត្តិនៃក្រុមហ៊ុនKampot Street Real Estate ប្រចាំខេត្តកំពតបានឱ្យដឹងថា នៅក្នុងខេត្តកំពតមានក្រុងចំនួន២ មកដល់សព្វថ្ងៃនេះ គឺក្រុងកំពត និងក្រុងបូកគោ ដែលក្រុងបូកគោ ទើបតែចេញអនុក្រឹត្យក្នុងការបង្កើតថ្មីៗនេះ។បន្ទាប់ពី រដ្ឋាភិបាល បានចេញអនុក្រឹត្យបង្កើតក្រុងថ្មីនេះ ក៏ឃើញថាមានការទាក់ទាញអ្នកអភិវឌ្ឍន៍ជាច្រើន បានចូលទៅកាន់តំបន់នោះ ដើម្បីស្វែងរកការវិនិយោគផ្សេងៗ។
លោកបន្តថា ការបង្កើតក្រុង គឺត្រូវមានការអភិវឌ្ឍអគាររដ្ឋបាលក្រុង អគារសង្កាត់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាអភិវឌ្ឍន៍ផ្លូវបន្ថែម តបណ្ដាញភ្លើង និងទឹក ហើយនៅពេលមានហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងទាក់ទាញមនុស្សទៅរស់នៅកាន់តែច្រើន ដែលធ្វើឱ្យតម្រូវការលំនៅឋាន ក៏ដូចជា ដីធ្លីសម្រាប់អភិវឌ្ឍន៍លំនៅឋាន ក៏ច្រើនដូចគ្នាដែរ”។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យAdvance ក៏បានឱ្យដឹងថា ការបង្កើតក្រុងថ្មី អ្វីដែលត្រូវអភិវឌ្ឍន៍មុនគេ គឺហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់មកគឺលំនៅឋាន ហើយដើម្បីជំរុញឱ្យពលរដ្ឋទៅរស់នៅ ក្នុងក្រុងថ្មីកាន់តែច្រើន គឺត្រូវមានការអភិវឌ្ឍលំនៅឋាន មានហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព។
លោកបន្តថា ជាការកត់សម្គាល់ នៅពេលមានការបង្កើតក្រុងថ្មី អ្នកវិនិយោគក្នុង និងក្រៅប្រទេស តែងតែសម្លឹងឆ្ពោះទៅកាន់ទីនោះ និងបានស្វែងរកការវិនិយោគនានា។
ជាក់ស្ដែងក្រុងថ្មីៗ ដែលទើបបង្កើត ដូចជាទីក្រុងអរិយក្សត្រ ទីក្រុងឧត្តុងម៉ែជ័យ ទីក្រុងសំពៅពូន ខេត្តកណ្តាល យើងសង្កេតឃើញថា តំបន់ទាំងនោះ ចាប់ផ្ដើមមានអ្នកវិនិយោគ លើអចលនទ្រព្យចូលទៅអភិវឌ្ឍន៍គម្រោងរបស់ពួកគេ ដើម្បីផ្គត់ផ្គង់ជូនពលរដ្ឋទៅតាមតម្រូវការជាក់ស្ដែង ។
បច្ចុប្បន្ននេះខេត្តកណ្ដាល ជាខេត្តដែលមានក្រុងច្រើនជាងគេក្នុងចំណោមខេត្តទូទាំងប្រទេសកម្ពុជា ដោយមានរហូតដល់៣ក្រុង ក្នុងនោះរួមមានក្រុងតាខ្មៅ ទីរួមខេត្តកណ្ដាល ក្រុងអរិយក្សត្រ ទើបបង្កើតថ្មី ក្រុងសំពៅពូន ក៏ទើបបង្កើតថ្មី។
ក្នុងនោះដែរក្រុងអរិយក្សត្រ នៃខេត្តកណ្ដាលកំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេសច្រើនជាងគេ និងកំពុងមានសកម្មភាព ក្នុងការអភិវឌ្ឍអចលនទ្រព្យយ៉ាងមមាញឹកផងដែរ៕