គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនទៀតកំពុងសិក្សានិងត្រៀម សាងសង់មួយចំនួន

0

ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើង ពីគម្រោងសាងសង់ហេដ្ឋារចនសសម្ព័ន្ឋធំៗចំនួន៧ទៀត ដែលរដ្ឋាភិបាលត្រៀមបើកការដ្ឋាន និងក្រុមហ៊ុននានាកំពុងសិក្សា។

លោកបានមានប្រសាសន៍បែបនេះ កាលពីថ្ងៃចុងសប្តាហ៍មុ​ន ក្នុងជំនួបជាមួយ លោកAtsushi Ueno ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំ កម្ពុជា។

គំរោងហេដ្ឋារចនាសម្ព័ន្ឋ ដែលបានលើកឡើងនោះរួមមាន ទី១ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ នៅខែមិថុនា ឆ្នាំ២០២៣។ ទី២ គម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប ទី៣ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង លើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ។

ទី៤ គម្រោងសិក្សាសមិទ្ធិលទ្ធភាព ដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ ទៅកាន់កំពង់ផែឆ្នេរសមុទ្រខេត្តកែប ជាពិសេសលើវិស័យដឹកជញ្ជូនសាធារណៈក្នុងទីក្រុង ដែលគម្រោងទាំងនោះ ក្រសួងធ្លាប់បានសិក្សា សមិទ្ធិលទ្ធភាពពីមុនរួចមកហើយ រួមមាន ការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការ រថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងMonorail ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ដែលបន្តទាមទារនូវកិច្ចសហការ និងការវិនិយោគពីវិស័យឯកជន។

ជាមួយគ្នានេះ លោកAtsushi Ueno ឯកអគ្គរដ្ឋទូតបានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍ និងធ្វើប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិ​បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍លើការស្វែងយល់អំពីបច្ចុប្បន្នភាព នៃគម្រោងសាងសង់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយមានគម្រោងអភិវឌ្ឍន៍អាទិភាពសំខាន់ៗដែលសម្រេចបាន និងកំពុងអនុវត្តបន្ត ក្នុងនោះរួមមាន គម្រោងសាងសង់ផែកុងតឺន័រថ្មី ដំណាក់កាលទី១ របស់កំពង់ផែស្វ័យតក្រុងព្រះសីហនុ ការសិក្សាគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី២ និងជំហានទី៣ ដែលកំពង់ផែនេះជាច្រកសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ការនាំទំនិញចេញ-ចូល គម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មកម្ពុជា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ និងគម្រោងផ្សេងៗជាច្រើនទៀត។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ក៏បានស្នើឱ្យជប៉ុនជួយបន្តអភិវឌ្ឃ កសាងសមត្ថភាពធនធានមនុស្ស តាមរយៈការផ្ដល់សាស្ត្រាចារ្យ វគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ធ online ក៏ដូចជាពិនិត្យលទ្ធភាព ជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជា ឱ្យមានជំនាញច្បាស់លាស់។

កាលពីពេលថ្មីៗនេះដែរ ជប៉ុនទើបនឹងបានផ្តល់ជាគ្រឿងចក្រ Stabilizer មកកាន់ក្រសួង ដើម្បីបម្រើការងារក្នុងវិស័យផ្លូវថ្នល់ លើសពីនេះជប៉ុន ក៏បានផ្តល់ជំនួយចំពោះការសិក្សា គម្រោងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងផែនការយុទ្ធសាស្រ្ត ភាពជាដៃគូគ្រប់ជ្រុងជ្រោយផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here