រថភ្លើងល្បឿនលឿនដំបូងគេបង្អស់ក្នុងប្រទេសឥណ្ឌូណេស៊ីគ្រោងបើកដំណើរការនៅខែសីហាខាងមុខ

0

ដោយ: គង់ លាងហួរ

ហ្សាការតា: ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដំបូង​គេ ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ​ដែល​សាងសង់​ដោយ​បច្ចេកវិទ្យា​ របស់​ប្រទេសចិន​គ្រោងនឹង​ចាប់ផ្តើម​ដំណើរការ​ហើយ នៅក្នុង​ខែសីហា​ខាងមុខនេះ។

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគឥណ្ឌូនេស៊ី លោក Luhut Binsar Pandjaitan បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា សេវាកម្មរថភ្លើងចម្ងាយ១៤០គីឡូម៉ែត្រពីទីក្រុងហ្សាកាតា-បានឌុងនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃបុណ្យឯករាជ្យជាតិនៅថ្ងៃទី១៨ ខែសីហា របស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីដំណើរការសាកល្បងក្នុងខែឧសភា។

រថភ្លើងថ្មីនេះ នឹងកាត់បន្ថយពេលវេលាធ្វើដំណើរ រយៈពេល៣ម៉ោងរវាងទីក្រុងទាំងពីរ មកត្រឹមតែ៤០នាទីប៉ុណ្ណោះ។

ស្ថិតក្រោមការសាងសង់ ដោយសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូនេស៊ី-ចិន PT Kereta Cepat Indonesia China គម្រោងនេះដើមឡើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ ប៉ុន្តែវាបានប្រឈមនឹងការពន្យារពេលម្តងហើយម្តងទៀត និងការត្រូវចំណាយលើសផែនការ។

ប្រទេសឥណ្ឌូនេស៊ីរំពឹងថា នឹងបញ្ចប់ការចរចាជាមួយប្រទេសចិនក្នុងប៉ុន្មានសប្តាហ៍ខាងមុខ លើប្រាក់កម្ចីបន្ថែមចំនួន៥៦០លានដុល្លារអាមេរិក សម្រាប់គម្រោងរថភ្លើងល្បឿនលឿននេះ។

ការចំណាយលើខ្សែរថភ្លើង តភ្ជាប់រដ្ឋធានីហ្សាកាតា ជាមួយមជ្ឈមណ្ឌលវាយនភណ្ឌ បានឌុង បានហក់ឡើងខ្លាំង ដែលជំរុញឱ្យប្រទេសឥណ្ឌូនេស៊ី ស្វែងរកប្រាក់កម្ចីថ្មីពីធនាគារអភិវឌ្ឍន៍ចិន ដើម្បីជួយគ្របដណ្តប់លើថ្លៃ ចំណាយលើស១,២ពាន់លានដុល្លារ។

ក្រុមមន្ត្រីឥណ្ឌូណេស៊ីបានអះអាងថា ការចំណាយសរុបនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដ៏ល្បីបំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ីឥឡូវនេះ បានកើនឡើងដល់ជាង៧ពាន់លានដុល្លារ អាមេរិកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here