ដោយៈ ចំណាន
ភ្នំពេញៈ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) សុទ្ធតែមានតម្លៃខ្លាំងណាស់សម្រាប់ការអភិវឌ្ឈប្រទេសជាតិមួយ ប្រទេសណាទាក់ទាញបានFDIច្រើន ប្រទេសនោះនឹងមានឱកាសរីកចម្រើនលឿន។
ជាមួយនឹងភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា អ្នកវិនិយោគមួយចំនួនកំពុងពិចារណា និងសម្លឹងមើលឱកាសប្រទេសផ្សេងៗដូចជាកម្ពុជា និងប្រទេសដទៃទៀត។
ដោយពិចារណាលើចំណាប់អារម្មណ៍ ចំពោះវិស័យអចលនទ្រព្យនៅកម្ពុជា និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) នោះអាចនឹងមានឱកាសមួយ ប្រសិនបើអ្នកវិនិយោគអន្តរជាតិស្វែងរកការធ្វើពិពិធកម្ម ទីតាំងវិនិយោគរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ កុំសន្មតថាប្រាក់ដែលហូរចេញពីតំបន់មជ្ឈិមបូព៌ា នឹងហូរចូលមកក្នុងប្រទេសកម្ពុជា ដោយស្វ័យប្រវត្តិ។
ប៉ុន្តែប្រទេសកម្ពុជាចាំបាច់ត្រូវផ្តល់ ជូននូវប័ណ្ណកម្មសិទ្ធិអចលនទ្រព្យដែលគួរឱ្យទុកចិត្ត ប្រតិបត្តិការដែលមានតម្លាភាព ហេដ្ឋារចនាសម្ព័ន្ធដែលអាចពឹងផ្អែកបាន តម្លៃសមស្របតាមទីផ្សារជាក់ស្តែង និងផលចំណេញពីការជួលដែលអាចសម្រេចបាន។
យុទ្ធសាស្ត្រដែលខ្ញុំស្នើឡើងសម្រាប់ឆ្នាំ ២០២៧–២០៣០ គឺ៖
កសាងទំនាក់ទំនងជាមួយអ្នកវិនិយោគ និងបណ្តាញអាជីវកម្មនៅក្នុងតំបន់ឈូងសមុទ្រ (Gulf region) ប៉ុន្តែកុំពឹងផ្អែកលើពួកគេថាជាប្រភពទុនតែមួយគត់របស់អ្នក។

បង្ហាញឱកាសវិនិយោគនៅកម្ពុជា ដោយភ្ជាប់ជាមួយប័ណ្ណកម្មសិទ្ធិដីធ្លីដែលបានផ្ទៀងផ្ទាត់រួចរាល់ ការចំណាយលើគម្រោងដែលមានតម្លាភាព និងការព្យាករណ៍លំហូរសាច់ប្រាក់ ដែលអាចបញ្ជាក់បានដោយភាគីទីបីឯករាជ្យ។
ផ្តោតលើអចលនទ្រព្យដែលបង្កើតផលិតភាព ដូចជាទីតាំងឧស្សាហកម្ម និងភស្តុភារកម្ម (logistics) លំនៅឋានដែលមានតម្លៃសមរម្យ និងទីតាំងនានាដែលទទួលបានការគាំទ្រ ពីកំណើនការងារពិតប្រាកដ។
ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់បានលើកឡើងថា ការរក្សាបានសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការស្តារមុខមាត់កម្ពុជាឡើងវិញ ដើម្បីទទួលបានទំនុកចិត្តពីអន្តរជាតិ នឹងជួយប្រទេសនេះទាក់ទាញលំហូរទុនវិនិយោគពីបរទេសច្រើននាពេលអនាគត។
លោកបានលើកជាសំណួរបន្តថា ប៉ុន្តែសំណួរសំខាន់នៅទីនេះថា តើរដ្ឋាភិបាលបាន និងកំពុងបង្ហាញឆន្ទៈពិតប្រាកដឬនៅ ក្នុងការស្តារមុខមាត់ប្រទេស និងកាត់បន្ថយការិយាធោបតេយ្យដ៏រញ៉េរញ៉ៃ នៅក្នុងប្រព័ន្ធការងាររបស់ជាតិ?៕








