ដោយ វុត្ថា
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ (KOICA) បាននិងកំពុងសិក្សាទៅលើគម្រោងស្តីពី ការអភិវឌ្ឍវិស័យកសិកម្មឱ្យមាននិរន្តរភាព តាមរយ:ការបង្កើតផ្សារបោះដំផលិតផលកសិកម្ម និងការបង្កើតប្រព័ន្ធព័ត៌មានទីផ្សារនៅកម្ពុជា។
លោក JEONG Yun Gilm នាយកអង្គការ KOICA (Korea International Cooperation Agency) បានមានប្រសាសន៍ឲ្យដឹងបែបនេះ នៅក្នុងជំនួបពិក្សាការងារជាមួយលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅទី២៣ ខែមករា ឆ្នាំ២០១៩នេះ។ លោកបានឲ្យដឹងពីគំរោងស្តីពីការសិក្សា និងវាយតម្លៃបឋមលើគម្រោងស្តីពី ការអភិវឌ្ឍវិស័យកសិកម្មឱ្យមាននិរន្តរភាព តាមរយ:ការបង្កើតផ្សារបោះដំផលិតផលកសិកម្ម និងការបង្កើតប្រព័ន្ធព័ត៌មានទីផ្សារ។
លោកវេង សាខុន បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងនេះ ព្រោះវានឹងជួយរកទីផ្សារបន្លែ ផ្លែឈើឱ្យកសិករ ជាកន្លែងផ្តល់ព័ត៌មានទាក់ទងអំពីទីផ្សារ តម្លៃ បរិមាណផ្គត់ផ្គង់ ដែលអ្នកបញ្ជាទិញ ត្រូវការ និងជាកន្លែងណាត់ជួបរវាងអ្នកបរិភោគ ឈ្នួញកណ្តាល ជាមួយអ្នកផ្គត់ផ្គង់ និងជាពិសេសវានឹងបង្កលក្ខណៈងាយស្រួល ដល់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យគុណភាព សុវត្ថិភាព អនាម័យ និងប្រភពទំនិញច្បាស់លាស់ ដើម្បីបង្កើននូវជំនឿទុកចិត្ត និងការធានាត្រឹមត្រូវ។
ភាគីទាំងពីរបានផ្តោតជាសំខាន់លើប្រធានបទ សំខាន់ៗចំនួន២ ក្នុងនោះរួមមាន÷ ទី១ ពិនិត្យ ពិចារណាឱ្យបានល្អិតល្អន់អំពីទីតាំង ដែលត្រូវជ្រើសរើសសម្រាប់បង្កើតផ្សារ និងត្រូវបន្តជួបពិភាក្សា និងសិក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដូចជា មន្ត្រីជំនាញ វិស័យឯកជន សហគ្រាសខ្នាតតូច និងមធ្យម ដៃគូអភិវឌ្ឍ តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ-និងសហគមន៍។ និងទី២ បន្តជំរុញ កិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្មលើការងារច្បាប់ និងបច្ចេកទេស។
លោករដ្ឋមន្ត្រីវេង សាខុន បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េដែលបានគាំទ្រ និងជួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការកសាង និងអភិវឌ្ឍកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម។ សមិទ្ធផលសំខាន់ៗជាច្រើន ដែលកម្ពុជាសម្រេចបាននាពេលនេះ គឺបានមកពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រីជឿជាក់ថាគម្រោងថ្មីនេះនឹងពង្រឹង និងពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ជាប្រយោជន៍ដល់ប្រជាជននិងប្រជាកសិករកម្ពុជា៕