ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើនថមថយមកស្ថិតក្នុងកំនើន៥,២% ក្នុងឆ្នាំ ២០២៥ និង៥,០%ក្នុងឆ្នាំ២០២៦។
ការថមថយនេះ ដោយសារការរំពឹងផលជះប៉ះពាល់ជាអវិជ្ជមានពីវិស័យនាំចេញមួយចំនួន និងទំនោរនៃការកើនឡើងចរន្តគាំពារនិយមរបស់ប្រទេសភាគច្រើន។
យោងតាមរបាយការណ៍ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងទស្សនវិស័យសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលរៀបចំដោយអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ផ្អែកតាមទស្សនវិស័យសេដ្ឋកិច្ច របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បោះផ្សាយក្នុងខែមេសា ឆ្នាំ២០២៥ គឺសេដ្ឋកិច្ចសកលត្រូវបានវាយតម្លៃថា នឹងសម្រេចបាននូវកំណើនថមថយ ជាងការរំពឹងទុកក្នុងរង្វង់ប្រមាណ២,៨% សម្រាប់ឆ្នាំ២០២៥ និង៣,០% សម្រាប់ឆ្នាំ២០២៦ ពោលគឺទាបជាងការវាយតម្លៃកាលពីខែមករា ឆ្នាំ២០២៥ ដែលស្ថិតក្នុងរង្វង់៣,៣% ដូចគ្នាសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៦។
ការណ៍នេះ ឆ្លុះបញ្ចាំងពីការរំពឹងទុកកម្មវិបាកជាអវិជ្ជមាន នៃការកើនឡើង ចរន្តគាំពារនិយមដែលស្តែងចេញ ជាពិសេសតាមរយៈការដំឡើងពន្ធគយ(Broad-based tariff hike) និងពន្ធគយបដិការ (Reciprocal tariff) ដែលនឹងបន្ទច់បង្អាក់ដល់ចលនការនៃកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសជាច្រើន ដូចជា សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប ចិន និងបណ្តាប្រទេសអាស៊ាន ជាដើម។
យោងតាមឯកសារខាងលើបានឲ្យដឹងថា វិស័យឧស្សាហកម្មរំពឹងថា នឹងមាននិន្នាការថមថយបន្តិច ជាមួយនឹងអត្រាកំណើន៧,៨% និង៧,១% ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ រៀងគ្នា ដោយសារការថមថយសន្ទុះ នៃកំណើនអនុវិស័យកាត់ដេរ បណ្តាលមកពីការស្រកស្រុតនៃតម្រូវការសកល ពោលគឺការបញ្ជាទិញពីបណ្តាប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដែលជាបច្ច័យនៃការកើនឡើងយ៉ាងឆាប់រហ័សនៃចរន្តគាំពារនិយម មកលើសន្ទុះនៃកំណើនសេដ្ឋកិច្ចសកល។ ចំណែកកំណើននៃអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ ក៏រំពឹងថមថយជាងការរំពឹងទុក ជាពិសេសការនាំចេញទំនិញសំខាន់ៗមួយចំនួនទៅសហរដ្ឋអាមេរិក ដោយផ្ទាល់មានដូចជា គ្រឿងសង្ហារឹម និងសំបកកង់រថយន្ត។
ទោះយ៉ាងណាជារួមអនុវិស័យនេះ ក៏នៅបន្តរក្សាបានកំណើនវិជ្ជមាន ដែលបន្តជំរុញដោយការនាំចេញ ផលិតផលសំខាន់ៗផ្សេងទៀតដូចជា គ្រឿងបង្គុំអេឡិចត្រូនិក គួបផ្សំនឹងការរក្សាបាននូវចលនការនៃឧស្សាហកម្មបម្រើទីផ្សារក្នុងស្រុក ដូចជា ឧស្សាហកម្មដំឡើងរថយន្ត និងផលិតកម្មចំណីអាហារ និងភេសជ្ជៈជាដើម។
ជាមួយគ្នានេះ អនុវិស័យសំណង់នៅបន្តងើបឡើង ក្នុងល្បឿនយឺតដូចការរំពឹងទុក ដែលបន្តទ្រទ្រង់ដោយសកម្មភាពសំណង់ លំនៅឋាន និងសំណង់បម្រើឱ្យវិស័យឧស្សាហកម្ម ដូចជា រោងចក្រ និងឃ្លាំងជាដើម។
វិស័យសេវាកម្មក៏រំពឹងថា នឹងមានកំណើនថមថយជាងការរំពឹងទុកផងដែរ ដោយស្ថិតនៅក្នុងអត្រាកំណើន៣,៨% ដូចគ្នាក្នុងឆ្នាំ២០២៥ និង២០២៦ ដោយសារការថមថយនៃសន្ទុះកំណើនសកម្មភាពចាយវាយ និងប្រើប្រាស់ក្នុងស្រុក(លក់ដុំ-រាយ) និងសកម្មភាពដឹកជញ្ជូន និងស្តុក ដោយសារការថមថយ នៃចលនការកំណើនរបស់វិស័យទ្រទ្រង់ចំណូល ជាពិសេសវិស័យកាត់ដេរ។ ប៉ុន្តែអនុវិស័យទាំងនេះជារួមនៅតែបន្តរក្សាបានកំណើនវិជ្ជមាន។ រីឯអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ(ទេសចរណ៍) ក៏នៅតែបន្តនិន្នាការកើនឡើងដូចការគ្រោងទុក។
ចំណែកវិស័យកសិកម្មត្រូវបានរំពឹងថា នឹងបន្តរក្សាបានស្ថិរភាពនៃកំណើនក្នុងអត្រា០,៩% និង១,០% ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ រៀងគ្នា ដែលបន្តគាំទ្រដោយកំណើនល្អ នៃអនុវិស័យដំណាំ ឆ្លុះបញ្ចាំង តាមរយៈការបន្តនិន្នាការល្អប្រសើរ នៃការនាំចេញកសិផលសំខាន់ៗដូចជា ស្រូវ អង្គរ ស្វាយចន្ទី និងដំឡូងមី ជាដើម។
ជាមួយគ្នានេះ អនុវិស័យនេសាទ ក៏បន្តមានកំណើនល្អ ដែលជំរុញដោយនិន្នាការល្អនៃផលទឹកសាប ស្របពេលដែលអនុវិស័យចិញ្ចឹមសត្វ ក៏ចាប់ផ្តើមងើបឡើងវិញជាសន្សឹមៗ ដោយសារការរំពឹងទុកការចាប់ផ្តើមងើបឡើងវិញនៃទំនុកចិត្តវិនិយោគ ស្របពេលរាជរដ្ឋាភិបាលនៅតែបន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់ លើវិធានការអន្តរាគមន៍ និងបទប្បញ្ញត្តិទាំងឡាយ ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក ដើម្បីគាំពារដល់ផលិតកម្មក្នុងស្រុក៕