ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាស្តីពី “ការជំរុញការនាំចេញផលិតផលម្ហូបអាហារកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក” ដើម្បីលើកកម្ពស់អនុលោមភាពស្តង់ដាFDA និងពង្រីកសក្តានុពលពាណិជ្ជកម្មទ្វេរភាគី។
សិក្ខាសាលានេះធ្វើឡើង ក្រោមអធិបតីភាព លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីលោក Dan SOLIS អតីតជំនួយការស្នងការទទួលបន្ទុកប្រតិបត្តិការនាំចូលនៃរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក (FDA) តំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជន រួមមាន៖ អ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញម្ហូបអាហារជាច្រើនរូប។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ ដល់វិស័យឯកជន អំពីលក្ខខណ្ឌតម្រូវ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីនាំចូលផលិតផលម្ហូបអាហាររបស់សហរដ្ឋអាម៉េរិក ព្រមទាំងពង្រឹងសមត្ថភាព និងត្រៀមលក្ខណៈសម្បត្តិរបស់ធុរកិច្ចកម្ពុជា ក្នុងការជំរុញការនាំចេញផលិតផលម្ហូបអាហារ ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ប្រកបដោយភាពប្រកួតប្រជែង និងនិរន្តរភាព។
ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលា លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ពីវឌ្ឍនភាព គួរឱ្យកត់សម្គាល់នៃទំនាក់ទំនងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលបន្តរីកចម្រើនជាលំដាប់ ដោយក្នុងនោះ ផលិតផលកសិកម្ម និងអាហារកែច្នៃ ត្រូវបានចាត់ទុកជាវិស័យអាទិភាព ដែលមានសក្តានុពលខ្ពស់សម្រាប់ការពង្រីក និងធ្វើពិពិធកម្មការនាំចេញបន្ថែមទៀត ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
ក្នុងន័យនេះ លោកសំហេង បូរ៉ា បានលើកទឹកចិត្តដល់ធុរជន អ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញម្ហូបអាហារកម្ពុជា បន្តបង្កើនការវិនិយោគលើការលើកកម្ពស់គុណភាព សុវត្ថិភាពម្ហូបអាហារ ការរចនា និងការវេចខ្ចប់ប្រកបដោយស្តង់ដា ព្រមទាំងការអនុលោមតាមបទប្បញ្ញត្តិអន្តរជាតិ សំដៅបង្កើនតម្លៃបន្ថែម ភាពប្រកួតប្រជែង និងពង្រីកចំណែកទីផ្សារ សម្រាប់ផលិតផលសក្តានុពលរបស់កម្ពុជា រួមមាន៖ អង្ករ គ្រាប់ស្វាយចន្ទី ម្រេច និងផ្លែឈើស្រស់-កែច្នៃ ជាដើម។
ជាមួយគ្នានេះ លោកDan SOLIS បានធ្វើបទបង្ហាញចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង ពាក់ព័ន្ធនឹងប្រព័ន្ធបទប្បញ្ញត្តិរបស់FDA និងនីតិវិធីនាំចូលម្ហូបអាហារទៅកាន់សហរដ្ឋអាម៉េរិក ដោយផ្តោតសំខាន់លើ៖ កម្មវិធីផ្ទៀងផ្ទាត់អ្នកផ្គត់ផ្គង់បរទេស (Foreign Supplier Verification Program – FSVP) ប្រព័ន្ធតាមដានប្រភព និងខ្សែច្រវាក់ផ្គត់ផ្គង់ម្ហូបអាហារ (Food Traceability Requirements) នីតិវិធីត្រួតពិនិត្យទំនិញនាំចូល និងប្រព័ន្ធប្រកាសអាសន្នការនាំចូល (Import Alerts) និងវិធានការកែតម្រូវភាពមិនអនុលោម (Corrective Actions) ដើម្បីកាត់បន្ថយហានិភ័យនៃការឃាត់ទុក ឬការបដិសេធទំនិញ នៅតាមច្រកនាំចូលសហរដ្ឋអាម៉េរិក៕







