[:km]ដោយវុត្ថា
ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ២៤០លានដុល្លារ Gold Tower42 ដែលត្រូវបានសាងសង់ឡើងវិញក្រោយពីពន្យាពេលសាងសង់អស់រយៈពេលជាច្រើនឆ្នាំ បានសាងសង់បញ្ចប់គ្រោងអគារ និងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ ហើយវាបាននិងកំពុងក្លាយជា Landmark មួយនៃក្រុងភ្នំពេញ។

-->
ក្រុមហ៊ុន HTWM Construction Engineering (Cambodia) Co.,Ltd នឹងរៀងចំពិធីបញ្ចប់គ្រោងអគារនេះ (Gold Tower 42) នៅថ្ងៃ២៨ ខែមករា ស្អែកនេះ ដែលមានការចូលរួមថ្លែងសន្ទរកថា ពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផងដែរ។
មជ្ឈមណ្ឌលពាណិជ្ជកម្ម Gold Tower42 ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះដោយមានផ្សារទំនើប ការិយាល័យ ខុនដូ បន្ទីរពេទ្យ និសេវាកម្មចម្រុះជាច្រើនទៀត តែយ៉ាងណាក៏ដោយការប្រកាសលក់គំរោងនេះជាថ្មី មិនទាន់បានធ្វើនៅឡើយទេ ខណៈការស្ថាបនាបាននិងកំពុងញាប់ដៃញាប់ជើង ដើម្បីឲ្យអាគារនេះបញ្ចប់និងដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ២០១៩នេះ។
នៅពេលបញ្ចប់ការសាងសង់ Gold Tower42 នឹងមានកំពស់រហូតដល់១៩២ម៉ែត្រ ហើយវានឹងក្លាយជាអាគារខ្ពស់ជាងគេទី១ នៅក្រុងភ្នំពេញនាឆ្នាំ២០១៩នេះ ខណៈអាគារខ្ពស់ផ្សេងទៀតមិនទាន់បានបញ្ចប់ការសាងសង់។
លោក Kim Tae Yeon ប្រធានក្រុមហ៊ុន YUNWOO ប្រចាំកម្ពុជាបានឲ្យដឹងកាលពីពេលប្រកាសចាប់ផ្តើមសាងសង់អាគារនេះ ជាថ្មីកាលពីចុងឆ្នាំមុនថា អាគារនេះបានចំណាយប្រាក់សាងសង់អស់ ១០០លានដុល្លារហើយ និងត្រូវចំណាយប្រាក់១៤០លានដុល្លារទៀត ដើម្បីបញ្ចប់គំរោងនេះនៅចុងឆ្នាំ២០១៩ខាងមុខ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះរួមបញ្ចូលផ្សារទំនើប អាគារការិយាល័យ ខុនដូសរុបចំនួន ៣៩៩យូនីត។

ក្រុមហ៊ុន YUNWOOបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Hongtao Decoration និងក្រុមហ៊ុនសាងសង់ឈ្មោះWaiman Construction& Engineering ដែលមានមូលដ្ឋាននៅប្រទេសចិន ដើម្បីសាងសង់បញ្ចប់អាគារនេះ។
អាគារ Gold Tower 42 បានផ្អាកការសាងសង់នៅឆ្នាំ២០១០ ខណៈដែលក្រុមហ៊ុនសាងសង់បានបញ្ចប់ត្រឹមជាន់ទី៣១ នៃអាគារកំពស់៤២ជាន់នេះ៕[:]