ចំណេះដឹងសំខាន់ៈតើអ្វីទៅជា“ប្លង់រឹង” និង “ប្លង់ទន់”នៃអចលនវត្ថុ?

0

[:km]ដោយវុត្ថា
ភ្នំពេញ៖ ប្លង់រឹង គឺរឹងទាំងក្រដាស រឹងទាំងប្រសិទ្ធភាពតាមផ្លូវច្បាប់។ ឯកសារប្លង់រឹងអាចជាប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលបានបញ្ជាក់អំពីការចុះបញ្ជីអចលនវត្ថុនៅរដ្ឋបាលសុរិយោដី។

ប្លង់ទន់លើអចលនវត្ថុ គឺជាឯកសារប្រភេទក្រដាសទន់ ឬគុណភាពទាប ដែលអាចមានជាច្រើនទម្រង់ ហើយអាចធ្វើជាសក្ខីភាពនៃការកាន់កាប់ ក្នុងនោះអាចមានជាការបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន (ភូមិ ឃុំ ឬអាចដល់ថ្នាក់ស្រុក) ឬអាចជាលិខិតទិញលក់ ឬកិច្ចសន្យាផ្ទេរសិទ្ធិយ៉ាងសាមញ្ញដែលពុំមានអាជ្ញាធរដឹងឮឡើយ។

បើទោះបីជាច្បាប់ភូមិបាលត្រូវបានអនុម័តចាប់តាំងពីឆ្នាំ២០០១ ព្រមទាំងមានលិ​ខិ​តបទដ្ឋានក្រោមច្បាប់ ដែលរាជរដ្ឋាភិបាលបានចេញជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែក្បាលដី​ភាគច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែមិនទាន់បានចុះបញ្ជីត្រឹមត្រូវនៅឡើយ។ ហេតុនេះទើបមានក្បាលដីមួយចំនួនមានត្រឹមប្លង់ទន់ ដែលទន់ទាំងក្រដាស ហើយទន់ទាំងប្រសិទ្ធភាពក្នុងផ្លូវច្បាប់។ អ្នកដែលមានប្លង់ទន់ ត្រូវបានទទួលស្គាល់ថាជាអ្នករស់នៅ (ឬកាន់កាប់) លើទីតាំងអចលនវត្ថុតែប៉ុណ្ណោះ ដែលទាមទារឲ្យមានការវិនិច្ឆ័យ និងការបញ្ជាក់តាមផ្លូវច្បាប់ថា គាត់ពិតជាភាគីដែលបំពេញលក្ខខណ្ឌគតិយុត្តិ សម្រាប់ការទទួលបានសិទ្ធិភោគៈ និងកម្មសិទ្ធិជាស្ថាពរ។

ប្រសិនបើអចលនវត្ថុមានតែប្លង់ទន់ ហានិភ័យមួយដែលអាចកើតមានឡើង គឺការទាមទារពីសំណាក់ភាគីផ្សេងៗគ្នា ដោយរាប់បញ្ចូលទាំងរដ្ឋផងដែរ។ បញ្ហាដែលតែងតែកើតមានឡើងញឹកញាប់មួយទៀត គឺព្រំប្រទល់មិនច្បាស់លាស់ និងអាចមានចំណែកដីដែលអ្នកជាប់ព្រំទាមទារ។

ក្នុងករណីខ្លះទីតាំងដីដែលបុគ្គលឯកជនកាន់កាប់ ដោយមានប្លង់ទន់ តាមពិតជាដីសាធារណៈរបស់រដ្ឋ ដែលមិនអាចឲ្យបុគ្គលណាម្នាក់ចាប់យក ឬចុះបញ្ជីកម្មសិទ្ធិបាននោះឡើយ៕[:]

LEAVE A REPLY

Please enter your comment!
Please enter your name here