ដោយៈ គង់ សូរិយា
ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនOCIC Groupបានបង្ហើបឲ្យដឹងថា ការសាងសង់ស្ពានពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរា នឹងត្រូវតភ្ជាប់នៅអំឡូងចុងខែកក្កដា ឬដើមខែសីហាខាងមុខនេះ។
លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCIC Groupបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២១ មិថុនានេះថា ការសាងសង់ស្ពានដ៏ស្អាតស្អាត និងមានសារៈសំខាន់នេះ នឹងត្រូវបញ្ចប់តាមផែនការគ្រោងទុក ដោយរហូតមកទល់ពេលនេះ វឌ្ឍនៈភាពនៃការសាងសង់គឺសម្រេចបានចន្លោះពី៦៥ ទៅ៧០ភាគរយប៉ុណ្ណោះ។
លោកបន្តថា “រហួតមកទល់ពេលនេះ ដំណើរការសាងសង់ស្ពាន និងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនៅទីក្រុងកោះនរា កំពុងសម្រេចបានវឌ្ឍនភាពតាមផែនការ”។ ស្ពានតភ្ជាប់រវាងទីក្រុងរណបទាំងពីរខាងលើនេះ នឹងជួយសម្រួលចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍ នៅលើផ្លូវជាតិលេខ១ ដែលជាផ្លូវមួយមានការកកស្ទះខ្លាំងនាពេលបច្ចុប្បន្ននេះ។
លោកទូច សំណាងបានបន្តថា ទស្សនទាននៃការអភិវឌ្ឈទីក្រុងនេះ នឹងធ្វើឡើងបែបទីក្រុងឆ្លាតវៃ(Smart City) និងស្របតាមនិន្នាការនៃការប្រែប្រួលអាកាសធាតុ។ លោកបន្តថា ទីក្រុងនេះនឹងមានផែនការអភិវឌ្ឈស្រដៀងគ្នា នឹងទីក្រុងកោះពេជ្រ ដែលកំពុងមានភាពរីកចម្រើននាពេលសព្វថ្ងៃនេះ។
ទីក្រុងកោះនរា មានទំហំផ្ទៃដី១២៥ហិកតា បាននិងកំពុងលេចចេញនូវគំរោងអភិវឌ្ឍន៍បណ្តើរៗ ខណៈក្រុមហ៊ុនOCIC កំពុងបោះទុនជាច្រើនលានដុល្លារសាងសង់ មជ្ឈមណ្ឌលពាណិជ្ជកម្មNorea Square ដំបូងគេនៅលើទីក្រុងជាប់មាត់ទន្លេមេគង្គ និងទន្លេចតុមុខ៕