ដោយៈ គង់ សូរិយា
ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនOCIC Groupបានបង្ហើបឲ្យដឹងថា ការសាងសង់ស្ពានពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរា នឹងត្រូវតភ្ជាប់នៅអំឡូងចុងខែកក្កដា ឬដើមខែសីហាខាងមុខនេះ។
លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCIC Groupបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២១ មិថុនានេះថា ការសាងសង់ស្ពានដ៏ស្អាតស្អាត និងមានសារៈសំខាន់នេះ នឹងត្រូវបញ្ចប់តាមផែនការគ្រោងទុក ដោយរហូតមកទល់ពេលនេះ វឌ្ឍនៈភាពនៃការសាងសង់គឺសម្រេចបានចន្លោះពី៦៥ ទៅ៧០ភាគរយប៉ុណ្ណោះ។
-->
លោកបន្តថា “រហួតមកទល់ពេលនេះ ដំណើរការសាងសង់ស្ពាន និងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនៅទីក្រុងកោះនរា កំពុងសម្រេចបានវឌ្ឍនភាពតាមផែនការ”។
ស្ពានតភ្ជាប់រវាងទីក្រុងរណបទាំងពីរខាងលើនេះ នឹងជួយសម្រួលចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍ នៅលើផ្លូវជាតិលេខ១ ដែលជាផ្លូវមួយមានការកកស្ទះខ្លាំងនាពេលបច្ចុប្បន្ននេះ។
លោកទូច សំណាងបានបន្តថា ទស្សនទាននៃការអភិវឌ្ឈទីក្រុងនេះ នឹងធ្វើឡើងបែបទីក្រុងឆ្លាតវៃ(Smart City) និងស្របតាមនិន្នាការនៃការប្រែប្រួលអាកាសធាតុ។ លោកបន្តថា ទីក្រុងនេះនឹងមានផែនការអភិវឌ្ឈស្រដៀងគ្នា នឹងទីក្រុងកោះពេជ្រ ដែលកំពុងមានភាពរីកចម្រើននាពេលសព្វថ្ងៃនេះ។
ទីក្រុងកោះនរា មានទំហំផ្ទៃដី១២៥ហិកតា បាននិងកំពុងលេចចេញនូវគំរោងអភិវឌ្ឍន៍បណ្តើរៗ ខណៈក្រុមហ៊ុនOCIC កំពុងបោះទុនជាច្រើនលានដុល្លារសាងសង់ មជ្ឈមណ្ឌលពាណិជ្ជកម្មNorea Square ដំបូងគេនៅលើទីក្រុងជាប់មាត់ទន្លេមេគង្គ និងទន្លេចតុមុខ៕
