[:km]ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្សមកពីប្រទេសចិន បានបើកសម្ភោធផ្សារPrince Supper Market ជាផ្សារទំនើបទី៤ដែលផ្តោតលើមុខទំនិញជិត៣ពាន់មុខ នៅទីក្រុងភ្នំពេញ ដែលអំណាចនៃការទិញរបស់ប្រជាជនក្នុងទីក្រុងនេះកំពុងកើនឡើង។
លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើប Prince Super Market បានមានប្រសាសន៍ឲ្យដឹងក្នុងពិធីសម្ភោធផ្សារទំនើបនេះកាលពីថ្ងៃទី៣០ មករាកន្លងមកថា វត្តមានផ្សារទំនើបទី៤របស់ Prince Supper Market នៅក្នុងទីតាំងនេះជាការឆ្លើយតបនឹងតម្រូវការនៃការទិញទំនិញប្រើប្រាស់ អាហារប្រចាំថ្ងៃ បន្លែផ្លែឈើ និងទំនិញសំខាន់ផ្សេងៗទៀត ដែលមានលក់ក្នុងផ្សារទំនើបថ្មីនេះ ជាមួយនឹងការថែមជូនពិសេសនូវ ប្រមូសិន រហូតដល់៣០ភាគរយ ទៅតាមមុខទំនិញផ្សេងៗ រហូតដល់បំណាច់ពិធីបុណ្យចូលឆ្នាំចិន។
លោកបន្ថែមថា ផ្សារទំនើបទី៤ Prince Supper Market នេះ មានទំនិញចំរុះជាច្រើនពាន់មុខ ដោយទំនិញទាំងនោះប្រមាណជា៣៥ភាគរយ ជាផលិតផលរបស់ខ្មែរ និងក្រៅពីនោះជាផលិតផលនាំចូលពីក្រៅប្រទេសដូចជា ចិន ថៃ និងជប៉ុន ជាដើម។ ផ្សារទំនើបនេះ មានគោលការណ៍រួម៤យ៉ាងគឺ សេវាកម្ម ផលិតផល តម្លៃ ភាពស្រស់នៃទំនិញ សម្រាប់ប្រជាជនកម្ពុជា ដែលមានជីវភាពមធ្យម អាចទិញទំនិញប្រកបដោយគុណភាពល្អ ការបញ្ចុះតម្លៃ។
នៅទីក្រុងភ្នំពេញចំនួនផ្សារទំនើបបាន និងកំពុងកើនឡើងជាបន្តបន្ទាប់ ដោយកាលពីឆ្នាំ២០១៨ ផ្សារទំនើបចំនួន១៣គ្រោងបើកដំណើរការ ប៉ុន្តែផ្សារខ្លះបានពន្យាពេលបើកដំណើរការ ដោយសារការសាងសង់មិនទាន់ពេលវេលា។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ចំនួនផ្សារទំនើបនៅកម្ពុជាពិតជាបានកើនឡើងច្រើន ប៉ុន្តែមិនទាន់លើសតម្រូវការនោះទេ ដោយសារផ្សារទំនើបទាំងនោះបានចាប់យកចំណែទីផ្សារខុសៗគ្នា និងតំបន់ខុសៗគ្នា ប៉ុន្តែបើសិនជាផ្សារទំនើបបន្តកើនឡើងខ្លាំង នឹងធ្វើឲ្យទីផ្សារនេះកាន់តែប្រកួតប្រជែង និងអាចលើសតម្រូវការ។
អ្នកនាងបន្តថា “ផលិតផលនៅតាមបណ្តាផ្សារទំនើបនានាននៅកម្ពុជា ដែលទទួលបានការគាំទ្រជាងគេ គឺប្រភេទអាហារ ភេសជ្ជៈ និង Fashion”៕[:]