ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមការសិក្សាមួយបានបង្ហាញឱ្យដឹងថា បណ្តាក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើន ត្រូវបានគេរំពឹងថានឹងជួបបញ្ហាកង្វះកម្មករជំនាញខ្ពស់ ខណៈដែលចំនួនប្រជាជនវ័យចំណាស់ កំពុងកើនឡើងយ៉ាងឆាប់រហ័ស។
ការសិក្សាបានបន្ថែមថា ការស្រាវជ្រាវ និងការអភិវឌ្ឍរបស់ប្រទេសនេះ ក៏ត្រូវបានគេព្យាករថា នឹងបាត់បង់សន្ទុះនៃកំណើនរបស់ខ្លួនផងដែរ ជាពិសេសនៅក្នុងឧស្សាហកម្មផលិតកម្ម និងសេវាកម្ម ដែលត្រូវការអ្នកជំនាញខាងបច្ចេកវិទ្យាខ្ពស់។
អ្នកជំនាញអះអាងថា ការរស់រានមានជីវិតរបស់អង្គភាពសាជីវកម្មភាគច្រើន នឹងស្ថិតក្រោមការគំរាមកំហែង លុះត្រាតែរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន កែប្រែគោលនយោបាយ ទាក់ទងនឹងអត្រាកំណើត និងរចនាសម្ព័ន្ធប្រាក់ឈ្នួល ដែលផ្តោតលើអតីតភាពការងារ និងជំរុញផលិតភាពរបស់កម្មករដែលមានវ័យចំណាស់។
យោងតាមរបាយការណ៍គំនិតផ្តួចផ្តើម កំណើនប្រកបដោយនិរន្តរភាព (SGI) ដែលស្ថិតក្រោមសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ (KCCI) បានឱ្យដឹងថា អាយុជាមធ្យមរបស់កម្មករកូរ៉េគឺ៤៦,៨ឆ្នាំកាលពីឆ្នាំ២០២២។ តួលេខនេះ នឹងកើនឡើងដល់៥០ឆ្នាំ នៅឆ្នាំ២០៣០ និងបន្តទៅដល់៥៣,៧ឆ្នាំ នៅឆ្នាំ២០៥០។
SGI បានអះអាងថា ភាពចាស់នៃកម្លាំងពលកម្ម អាចរារាំងយ៉ាងខ្លាំងដល់ផលិតភាព ដូចដែលបានបង្ហាញដោយរបាយការណ៍ឆ្នាំ២០១៦ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
លើសពីនេះ បណ្តាប្រទេសសេដ្ឋកិច្ចអភិវឌ្ឍសំខាន់ៗ រួមទាំងអឺរ៉ុបបានជួបប្រទះ នឹងការធ្លាក់ចុះជាមធ្យម០,២ភាគរយ នៅក្នុងកត្តាកំណើនផលិតភាពសរុប (TFP)ជារៀងរាល់ឆ្នាំ ដោយសារតែកម្លាំងពលកម្មវ័យចាស់របស់ពួកគេ៕