ដោយៈ រ៉ាវី
ភ្នំពេញ៖ ជាមួយនឹងកំណើននៃក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកនៅកម្ពុជា កំពុងតែមានការកើនឡើងជាបន្តបន្ទាប់ ក្រុមហ៊ុនអន្តរជាតិលំដាប់ពិភពលោកធំមួយចំនួនក៏បានបង្ហាញវត្តនៅក្នុងទីផ្សារអចលនទ្រព្យ ដែលកំពុងរីកចម្រើនខ្លាំងនៅកម្ពុជាផងដែរ។
ការបង្ហាញវត្តមានការិយាល័យតំណាង ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកទាំងនោះ ត្រូវបានអ្នកជំនាញផ្នែកអចលនទ្រព្យបញ្ជាក់ប្រាប់ថា វាជាសញ្ញាបង្ហាញពីភាពល្អប្រសើរបស់វិស័យអចលនទ្រព្យនៅកម្ពុជា ហើយវាក៏ជាឱកាសដែលអាចការិយាល័យតំណាងក្រុមហ៊ុនធំៗទាំងនោះ ទទួលបានអត្ថប្រយោជន៍ តបទៅនឹងប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសដែលកំពុងតែអភិវឌ្ឍមួយនេះផងដែរ។
លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century 21 Cambodia ជាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិដ៏ធំ ដែលមានរហូតដល់ទីចំនួន៨១ទីតាំងនៅលើពិភពលោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១១ កុម្ភៈកន្លងមកថា ជាធម្មតា នៅពេលដែលគេបណ្តាក់ទុនវិនិយោគលើអ្វីមួយ គឺទាល់តែគេសម្លឹងឃើញពីភាពវិជ្ជមាន ដែលជាឱកាសទទួលបានភាពចំណេញ ។ ដោយឡែក ចំពោះវត្តមានរបស់ប ណ្តាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ លំដាប់ពិភពលោកនៅក្នុងប្រទេសកម្ពុជា ក៏ដូចគ្នាផងដែរ ។

លោកស្រីបន្តថា “មុនពេលគេសម្រេចចិត្តមកបង្ហាញខ្លួននៅប្រទេសណាមួយ គឺគេបានសិក្សាយ៉ាងច្បាស់ពីស្ថានភាពនយោបាយ ស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាសក្តានុពលផងដែរ”។ លោកស្រីបន្តថា “ជាក់ស្ដែងដូចជាក្រុមហ៊ុន Century 21 Cambodia ជាដើម មុនពេលទទួលបានសិទ្ធិ ធ្វើជាការិយាល័យតំណាងប្រចាំនៅកម្ពុជា គឺក្រុមហ៊ុនមេបានសិក្សាយ៉ាងលម្អិត ទាំងកេរ្តិ៍ឈ្មោះរបស់អ្នកតំណាងស្នើសុំ ទាំងកេរ្តិឈ្មោះក្រុមហ៊ុន ជាពិសេសភាពរីកចម្រើននៃសេដ្ឋកិច្ច និងកម្រិត GDP ក្នុងស្រុកផងដែរ”។
បច្ចុប្បន្ននេះ Century21 Cambodia បានពង្រីកការិយាល័យនៅក្នុងប្រទេសកម្ពុជាបានរហូតដល់២១ ហើយក្នុងនោះមានចំនួន៥ការិយាល័យ បានបំបែកសាខារបស់ខ្លួននៅតាមបណ្តាខ័ណ្ឌនានាផងដែរ ។
ជាមួយគ្នានេះអ្នកនាង អាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានលើកឡើងស្រដៀងគ្នាថា ការបង្ហាញវត្តមានរបស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិលំដាប់ពិភពលោកនៅកម្ពុជានាពេលនេះ វាគឺជាសញ្ញាវិជ្ជមានដែលបញ្ជាក់ថា វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងតែមានចរន្តល្អប្រសើរបំផុត។

អ្នកនាងបន្តថា «មូលហេតុដែលជំរុញឱ្យបណ្តាក្រុមហ៊ុនអចលនទ្រព្យធំនៅលើសាកលលោកងាកមកចាប់អារម្មណ៍ និងបង្ហាញវត្តមានរបស់ខ្លួននៅកម្ពុជានាពេលនេះ ក៏ព្រោះតែក្រុមហ៊ុនទាំងនោះ បានសម្លឹងឃើញច្បាស់ពីសន្ទុះនៃភាពរីកចម្រើន និងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យនៅកម្ពុជា”។






