ដោយវុត្ថា
ភ្នំពេញ៖ បន្ទាប់ពីសហភាពអឺរ៉ុប (EU) បានចាប់ផ្ដើមផ្អាកបណ្តោះអាសន្នលើប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទលើកលែង តែអាវុធ( Everything But Armed) ពីប្រទេសកម្ពុជា EuroCham ប្រចាំនៅកម្ពុជាដែលជាដំណាងឪ្យ ៣៥០ ជាងក្រុមហ៊ុន បានចេញសេក្តីថ្លែងការណ៍សំដែងការខកចិត្តចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធនេះ។
សេចក្តីថ្លែងការណ៍នេះ បានសេរសេរថា ការសម្រេចចិត្តក្នុងការដំណើរការដកប្រពន្ធនេះ Everything But Arms (EBA) ដោយគណៈកម្មការសហភាពអឺរ៉ុប បានធ្វើឪ្យមានផលប៉ះពាល់ និងព្រួយបារម្ភដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុប។
សេចក្តីថ្លែងការណ៍នេះ បន្តថា ចាប់តាំងពីឆ្នាំ ២០១៥ សហភាពអឺរ៉ុបបានវិនិយោគយ៉ាងច្រើនក្នុងការកសាង និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជាតាមរយៈសកម្មភាពរបស់ EuroCham ដែលអាចឱ្យអង្គការនេះក្លាយទៅជាអ្នកសម្របសម្រួលដ៏សំខាន់នៃកិច្ចសហការសាធារណៈ និងឯកជននិងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយជោគជ័យ។
សេចក្តីថ្លែងការណ៍មានកំរាស់ ២ ទំព័រ ជាភាសាអង់គ្លេសនេះ បន្ថែមថា ការសម្រេចចិត្តនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សមិទ្ធផលនាពេលកន្លងមក និងអនាគក្នុងភាពជាដៃគូនេះប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់មូលនិធិពីរបស់សហភាពអ៊ឺរ៉ុបក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកដែលបានជួយធ្វើអោយស្ថានភាពប្រជាជនកម្ពុជារាប់លាននាក់កាន់តែប្រសើរឡើង។
លោក Arnaud Darc ប្រធាន EuroCham ប្រចាំនៅកម្ពុជាបានឪ្យដឹងថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងដែលថាការដក EBA នេះ ព្រោះវានឹងបញ្ជូនសញ្ញាមិនល្អអំពីអនាគតនៃទីផ្សារដល់វិនិយោគិនដែលមានសក្ដានុពលក្នុងឆ្នាំ ២០១៩ ហើយការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA)នេះដែរ ដែលនឹងធ្វើឡើងនៅឆ្នាំ ២០២០ នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើការងារកម្មកររាប់រយពាន់នាក់ ស្ត្រីដែលងាយរងគ្រោះ និងអ្នកផ្សេងទៀតដែលទទួលបានប្រយោជន៍ពីសហភាពអឺរ៉ុប ”។







