ដោយវុត្ថា
ភ្នំពេញ៖ ចំនួនយូនីតខុនដូនៅក្នុងរាជធានីភ្នំពេញ នឹងកើន៣៥,០០០យូនីតនៅដំណាច់ឆ្នាំនេះ ស្មើនឹងកំនើន១២០ភាគរយបើធៀបនឹងឆ្នាំមុន។នេះបើតាមរបាយការណ៍ សិក្សាថ្មីដោយក្រុមហ៊ុនCBRE Cambodia។
លោកស្រីអាន សុធីតា នាយិកាក្រុមហ៊ុនCBRE ប្រចាំនៅកម្ពុជា បានឲ្យដឹងនៅក្នុងពិធីសម្ភោធរបាយការណ៍របស់ខ្លួន នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះថាចំនួន ខុនដូនេះ កើនឡើងទៅតាមប្រភេទរបស់វា តែអ្វីដែលកើនឡើងខ្លាំងនោះ គឺខុនដូរកម្រិតធម្យមបានកើនឡើងជាងគេ ដោយសារតែអ្នកអភិវឌ្ឍន៍ ផ្តោតទៅលើអ្នកមានចំណូលមធ្យមវិញ។ មិនត្រឹមតែប៉ុណ្ណោះខុនដូកម្រិតមធ្យមនេះ ត្រូវបានទិញនិងវិនិយោគដោយប្រជាពលរដ្ឋខ្មែរ។
លោកស្រីបន្តថា “សម្រាប់ខុនដូរប្រភេទភេទ នេះមានតម្លៃសមរម្យ ដែលមានតម្លៃ ១៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ វាអនុញ្ញាត្តអោយប្រជាពលរដ្ឋខ្មែរដែលមានចំណូលមធ្យមមានលទ្ធភាពក្នុងការទិញសម្រាប់យកទៅរស់នៅ ឬវិនិយោគបន្តទៀតតាមរយៈការដាក់ជួលឲ្យជនបរទេសជាដើម”។
លោកស្រីអាន សុធីតាបានបន្តទៀតថា ខុនដូទាំងនោះ គឺជាគម្រោងចាស់ដែលបានសាងសង់នៅក្នុងបណ្តាឆ្នាំកន្លងមក។ គម្រោងទាំងអស់នេះ នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០១៩ ហើយបានដាក់ចូលទៅក្នុងទីផ្សារតែប៉ុណ្ណោះ។ ជាមធ្យមអ្នកអភិវឌ្ឍន៍បានលក់ចេញអស់ប្រមាណ៦០ភាគរយនៃគម្រោងរបស់ខ្លួន ហើយនៅសល់ប្រមាណជា៤០ភាគរយប៉ុណ្ណោះ។
លោកស្រីបញ្ជាក់ថា ទីផ្សារលក់ខុនដូនៅក្នុងប្រទេសកម្ពុជា មិនមានអ្វីជាបញ្ហានោះទេ តែអ្វីដែលសំខាន់គឺការដាក់ជួលតែប៉ុណ្ណោះ ដោយសារតម្លៃវាមានតម្លៃខ្ពស់ និងការមានការផ្គត់ផ្គង់ច្រើន។ តែយ៉ាងណាក៏ដោយ តម្លៃជួលនឹងអាចធ្លាក់ចុះវិញខ្លះនៅតាម តំបន់នៅក្នុងរាជធានីភ្នំពេញ ហើយបើខុនដូស្ថិតនៅទីតាំងល្អ មានតម្លៃ១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ និងទីតាំងសូវជាល្អគឺមានតម្លៃចន្លោះពី១០ ទៅ១២ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា គឺពុំមានអ្វីប្រែប្រែលនោះទេ សម្រាប់ឆ្នាំ២០១៩នេះ ពោលគឺសកម្មភាពនៃការសាងសង់ ក៏ដូចជាទីផ្សារលក់ដូរនៅតែមានសភាពរឹងមុំាដដែល៕