ដោយ រ៉ាវី
ភ្នំពេញ៖ អ្នកវិនិយោគក្នុងវិស័យលំនៅដ្ឋានបានអះអាងថា ទីផ្សារលុះនៅដ្ឋាននៅឆ្នាំ២១០៩នេះ នឹងមានស្ថានភាពល្អប្រសើរជាងឆ្នាំ២០១៩កន្លងមកនេះ ដោយសារហេតុផលមួយចំនួន។
លោក ថៃ អៀង ប្រធានផ្នែកលក់គម្រោង AMORY 7 MAKARA ដែលទើបតែចាប់បើកសម្ពោធ លក់កាលពីពាក់ កណ្តាលខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះថា ទីផ្សារទិញលក់លំនៅដ្ឋាននៅក្នុងឆ្នាំ២០១៩នេះ នឹងមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ព្រោះជាក់ស្ដែង បើទោះបីជាគម្រោងរបស់របស់លោក ទើបតែចាប់បើកលក់ក៏ពិតមែន ប៉ុន្តែជាលទ្ធផលត្រឹម រយៈពេលប្រមាណជាង៣សប្ដាហ៍ AMORY 7 MAKARA លក់បានរហូតដល់ទៅ ៣៥ - ៤០ % ហើយ ដែលចំនួននេះវាជាចំនួនមួយដែលបង្ហាញពីភាពជោគជ័យនៅលើទីផ្សារ ដែលកំពុងតែមានការប្រកួតប្រជែងមួយនេះ។
លោកបន្តថា គម្រោងនេះត្រូវបានបែងចែកជាប្រភេទលំនៅដ្ឋានផ្សេងពីគ្នា ដូចជាលំនៅដ្ឋានជាប្រភេទផ្ទះល្វែង និងជាប្រភេទវីឡាកូនកាត់ជាដើម ហើយក្រៅពីនោះក៏មានលក់ជាប្រភេទដីឡូតិ៍ផងដែរ។
លោកបានបង្ហើបពីហេតុផល ដែលធ្វើឱ្យគម្រោងលំនៅដ្ឋាន AMORY 7 MAKARA ទទួលបានការគាំទ្រពីសំណាក់អតិថិជន ក៏ព្រោះតែសំណង់លំនៅដ្ឋានត្រូវបានកសាងតាមម៉ូដទាន់សម័យ មានការធានាទៅលើគុណភាពសំណង់ តម្លៃសមរម្យ និងស្ថិតនៅក្នុងតំបន់មានសក្ដានុពល និងមានសុវត្ថិភាពជាប់តំបន់អភិវឌ្ឍជាទីក្រុងវៃឆ្លាត (Smart City) ក្រៅពីនេះនៅមានតំបន់កំហែរកាយកែច្នៃយ៉ាងប្រណីត។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺគម្រោង AMORY 7 MAKARA បានផ្តល់ឱកាសចំណេញយ៉ាងច្រើនសម្រាប់អ្នកដែលមានបំណង់ចង់ទិញដើម្បីស្នាក់នៅ ក៏ដូចជាសម្រាប់អ្នកដែលទិញវិនិយោគបន្ត។
លើកឡើងស្រដៀងគ្នានេះ លោក យ៉ែន សុខលីន នាយកគ្រប់គ្រងផ្នែកទីផ្សារ បុរី VIP ក៏បានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះទីផ្សារលំនៅដ្ឋាននៅក្នុងឆ្នាំ ២១០៩ នេះផងដែរ ដោយលោកបានមានប្រសាសន៍ថា កាលពីឆ្នាំ ២០១៨ កន្លងទៅ បុរី VIP បាន អភិវឌ្ឍចំនួន៤គម្រោងនៅរាជធានីភ្នំពេញ ដែលក្នុងនោះគម្រោងទី១ គម្រោងទី២ និងគម្រោងទី៣ ត្រូវបានលក់អស់រួចរាល់សរុបប្រមាណ ៣០០០ ល្វែង ។
ដោយឡែកនៅក្នុងឆ្នាំ ២០១៩ នេះ បុរី VIP បានបន្តបើកលក់ និងសាងសង់បញ្ចប់គម្រោងទី៤ នៅក្នុងរាជធានីភ្នំពេញ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន រួមជាមួយនឹងការបើកសម្ពោធលក់គម្រោងថ្មីមួយទៀតនៅខេត្តព្រះសីហនុ ដែលមានរហូតដល់ទៅចំនួន ៤០០០ល្វែង ដោយបែងចែកជា ៤ Block រួមមាន Block A.B.C.និង Block D ។
លោកបន្តថា “វាជាមោទនភាពមួយ ដែលនៅត្រឹមរយៈពេលជិត២ខែ ដើមឆ្នាំ ២០១៩ កន្លងទៅនេះ ចំពោះ Block A ត្រូវបានលក់អស់រហូតដល់ជាង៥០០ល្វែង ក្នុងនោះរួមមានជាប្រភេទលំនៅដ្ឋានផ្ទះល្វែង និងវីឡាកូនកាត់ ក្នុងតម្លៃចន្លោះពី ជាង២ម៉ឺនដុល្លារ រហូតដល់ជាង៥ម៉ឺនដុល្លារ អាស្រ័យទៅតាមប្រភេទលំនៅដ្ឋាន”។ លោកបន្តថា” លទ្ធផលនេះវាល្អលើសពីការរំពឹងទុក ហើយក៏កំពុងតែបន្តលក់ និងសាងសង់គម្រោង B.C.D ជាបន្តទៀត”។
លោក យ៉ែន សុខលីន បានបន្តថា អាស្រ័យដោយទីផ្សារលំនៅដ្ឋានមានភាពល្អប្រសើរ នៅថ្ងៃខាងមុខនេះ ក្រុមហ៊ុននឹងបន្តបើណកគម្រោងនៅតាមបណ្តាខេត្តដែលមានសក្ដានុពលមួយចំនួនទៀត រួមមានខេត្តកំពត កោះកុង សៀមរាប និងក្រុងប៉ោយប៉ែត។
អគ្គលេខាធិកាសមាគមអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជា លោកហ៊ុយ វណ្ណាបានឱ្យដឹងផងដែរថា កាលពីឆ្នាំ២០១៨ ចំពោះសកម្មភាពនៃការសាងសង់សំណង់អាគារលំនៅដ្ឋានគ្រប់ប្រភេទ ដែលក្នុងនោះរួមមានដូចជាលំនៅដ្ឋានបែបជាផ្ទះល្វែង វីឡា បុរី ក៏ដូចជាខុនដូរជាដើម គឺមានភាពរលូនល្អប្រសើរ ហើយនៅក្នុងឆ្នាំ២០១៩ក៏នឹងបន្តភាពរលូនដូចគ្នា។
លោកបន្តថា “មិនថាឆ្នាំនេះឬឆ្នាំក្រោយ និងឆ្នាំបន្ទាប់នោះទេ ការសាងសង់សំណង់លំនៅដ្ឋាន នៅតែបន្តជានិច្ច ព្រោះតម្រូវការលំនៅដ្ឋានសម្រាប់ជ្រកកោន និងស្នាក់នៅវាគឺជាតម្រូវការចាំបាច់ ខណៈដែលពីមួយឆ្នាំទៅមួយឆ្នាំអត្រាប្រជាសាស្ត្រ តែងមានការកើនឡើង”។
ជាក់ស្ដែងកាលពីឆ្នាំ២០១៨ គម្រោងសាងសង់លំនៅដ្ឋាន បុរី ជាច្រើនបានបង្ហាញពីភាពសកម្មក្នុងការសាងសង់របស់ខ្លួន ដើម្បីលក់ជូនអតិថិជនរបស់ខ្លួន ដែលក្នុងនោះយើងឃើញមានដូចជាបុរីប៉េងហួត បុរីពិភពថ្មី បុរីឌឹផ្លរ៉ា បុរីឌឹមេគង្គរ៉ូយ៉ាល់ បុរី VIP ក្រុមហ៊ុន ជីពម៉ុង រួមជាមួយនឹងបុរី និងក្រុមហ៊ុនអភិវឌ្ឍជាច្រើនទៀត។
ដោយឡែកគ្រាន់តែបុរីវិមានភ្នំពេញ បានសម្រុកសាងសង់គម្រោងរហូតចំនួន៣ក្នុងឆ្នាំតែមួយ គឺគម្រោងទី៧ គម្រោងទី៨ និងគម្រោងទី៩ សរុបជាច្រើនពាន់ខ្នង ដែលទាំងអស់នេះវាស្របទៅនឹងការព្យាករណ៍របស់ក្រសួងថា ចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០៣០ ត្រូវការលំនៅដ្ឋាននឹងកើនឡើងរហូត១លានខ្នង ។
លោក ហ៊ុយ វណ្ណា ក៏បានបញ្ជាក់ប្រាប់ពីភាពល្អប្រសើរ នៃវិស័យសំណង់នៅកម្ពុជាផងដែរថា អាស្រ័យដោយចរន្តនៃឧស្សាហកម្មសំណង់នៅកម្ពុជា មានភាពល្អប្រសើរ និងឆាប់រហ័សជាបណ្តាប្រទេសជិតខាងមួយចំនួន បានធ្វើឱ្យក្រុមហ៊ុនវិនិយោគវិស័យសំណង់ជប៉ុនចំនួន៥២ក្រុមហ៊ុន បានងាកមកចាប់អារម្មណ៍ និងចង់បណ្តាក់ទុននៅកម្ពុជាផងដែរ ដែលទាំងអស់នេះ វាគឺជាសញ្ញាវិជ្ជមានមួយដ៏ល្អបំផុតសម្រាប់កម្ពុជា ៕