ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្ថាបនិកនិងជាអគ្គនាយកនៃក្រុមហ៊ុនគេហទំព័រ Propertyarea.asia និងអ្នកជំនាញពីររូបទៀតបានចូលរួមធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍នៃភាពជោគជ័យ និងមូលដ្ឋានព៌តមានដើម្បីធ្វើការពិចារណាមុនសម្រេចចិត្តវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជា។
លោក យិន លាងគង់ អគ្គនាយកក្រុមហ៊ុនគេហទំព័រ Propertyarea.asia និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានធ្វើបទបង្ហាញ និងចែករំលែកពីគន្លឹះក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ និងបង្ហាញពីមូលដ្ឋានព៌តមានសំខាន់ៗ ដែលអាចទុកចិត្តបាន និងប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដើម្បីឲ្យអ្នកចង់វិនិយោគ ចង់ក្លាយជាភ្នាក់ងារអចលនវត្ថុកម្ពុជា ធ្វើការវិភាគ ពិចារណាមុនសម្រេចចិត្តក្នុងការវិនិយោគ។
ជាមួយគ្នានេះ លោកក៏បានបង្ហាញពីមូលដ្ឋានដំណឹង និងព៌តមានដែលអាចទុកចិត្តបាន ឬទុកចិត្តមិនបានដោយឈរលើមូលដ្ឋានជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ និងមូលដ្ឋានវិទ្យាសាស្រ្តសំរាប់ធ្វើការពិចារណា ក្នុងការសម្រេចចិត្តឬមិនសម្រេច ចិត្តវិនិយោគ និងព៌តមានទាក់ទងនឹងបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជាផងដែរ។
អគ្គនាយកក្រុមហ៊ុន Century21 Dream Property លោក គាម សៀកឡុង បានធ្វើបទបង្ហាញពីគន្លឹះនៃការវិនិយោគក្នុងវស័យអចលនទ្រព្យ ដើម្បីទទួលបានផលចំណេញនិងប្រាសចាកហានិភ័យ។ ជាមួយគ្នានេះ លោក គាម សៀកឡុង ក៏បានបង្ហាញពីទីតាំងភូមិសាស្រ្ត លំហូរសាច់ប្រាក់ និងមូលដ្ឋានព៌តមាននានា ដើម្បីធ្វើការសម្រេចចិត្តវិនិយោ គក្នុងវិស័យនេះផងដែរ។
ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Century21 Mekong បានលើកបង្ហាញពីបច្ចុប្បន្នភាព និងដំណើរវិវត្តន៍ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ឱកាសវិនិយោគ លំហូរសាច់ប្រាក់ និងទីតាំងភូមិសាស្រ្តអចលនទ្រព្យ ដែលគួរវិនិយោគដើម្បីទទួលបានផលចំណេញ និងប្រាសចាកហានិភ័យផងដែរ។
លោកក៏បានលើកឡើងពីមូលដ្ឋានសំខាន់ៗ ដែលធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើង មូលដ្ឋានសំខាន់ៗដែលគួរប្រើប្រាស់ ឬមិនប្រើប្រាស់លុយធនាគារយកមកវិនិយោគក្នុងវិស័យនេះផងដែរ៕