ដី​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កើនឡើង​ថ្លៃ​ដល់​ ​៧ពាន់​ដុល្លារ​ក្នុង​មួយ​ម៉េ​ត្រ​ការ៉េ​

0

ដោយ​ ​វុត្ថា

ភ្នំពេញ​៖​ ​អ្នក​ជំ​នាញ​ផ្នែង​ខាង​អចលនទ្រព្យ​បាន​អះអាង​ថា​ ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​នៅក្នុង​រាជធានី​ភ្នំពេញ​ ​បាន​នឹង​កំពុង​កើនឡើង​ដល់៧០០០​ ​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ពោល​គឺ​កើនឡើង​ ​១៥ភាគរយ​ក្នុង​ឆ្នាំ​ ​២០១៨​ ​កន្លងមក​នេះ​។​

​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​ប្រចាំ​កម្ពុជា​អ្នកនាង​ ​អាន​ ​សុធី​តា​បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ការ​កើន​ឡើង​ថ្លៃ​នេះ​ ​ដោយសារតែ​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ ​ពុំសូវ​មាន​ដី​ទំនេរ​សំរាប់​អភិវឌ្ឍន៍​ច្រើន​នោះ​ទេ​ ​តែ​យ៉ាងណាក៏ដោយ​អ្នកនាង​ថា​ ​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​មិន​ឡើងថ្លៃ​ទាំងអស់​នោះ​ទេ​ ​ពោល​ឡើង​ទៅតាម​តំបន់​ ​និង​ទីតាំង​តែ​ប៉ុណ្ណោះ​ ។​

​អ្នកនាង​បញ្ជាក់​ថា​ ​នៅ​តំបន់​ខ្លះ​ ​គឺ​មានតម្លៃ​ក្រោម​ ​៧០០០ដុល្លារ​ ​ពោល​គឺ​ពី​គល់​ស្ពាន​ច្បារអំពៅ​ ​ដល់​តំបន់​ការ​មានតម្លៃ​ពី៣៥០០​ ​ដុល្លារ​ ​ដល់៤៥០០ដុល្លារ​អាមេរិក​។​ ​ពី​ ​មុំ​ស្តុ​ប​ចំការមន​ ​មកដល់​វិមានឯករាជ្យ​រហូត​ដល់​ស្តុ​បបត់​ចូល​ផ្សារថ្មី​ ​គឺ​មានតម្លៃ​ចាប់ពី​ ​៥០០០​ ​ដុល្លារ​ ​ដល់៧០០០ដុល្លារ​អាមេរិក​ ​តែ​អ្វី​ដែល​គួរ​ឪ្យ​កត់សម្គាល់​ខ្លាំង​នោះ​គឺ​ដី​នៅ​ម្តុំ​វិមាន​ឯករាជ​ ​និង​​វត្តភ្នំ​មានតម្លៃ​ប្រហែល៤០០០​ ​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ដោយសារតែ​ ​តំបន់​ទាំងពីរ​នេះ​គឺ​គេ​មិន​អោយ​សាងសង់​អគារ​ខ្ពស់​បាន​នោះ​ទេ​។​ ​​នៅ​តាម​បណ្តោ​ផ្លូវ​នេះ​ ​គឺ​មានការ​សាងសង់​ច្រើន​ទៅលើ​អាគារ​ការិយាល័យ​ ​អគារ​ពាណិជ្ជកម្ម​ ​និង​ធនាគារ​ច្រើន​។​

លោក​ ​សន​ ​សៀប​ ​ស្ថាបនិក​ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Key​ ​Real​ ​Estate បាន​ឲ្យដឹង​ថា​ ​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​នេះ​ ​គឺជា​ផ្លូវ​ដ៏​សំខាន់​ដែល​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ​និង​ជា​ផ្លូវ​អគារ​ទូ​ត​ផ្សេង​ៗ​ ​ហើយ​បន្ថែម​ពីនេះ​ ​គឺ​មាន​អគារ​ធនាគារ​ច្រើន​នៅ​តាម​បណ្តោយ​ផ្លូវ​ ។​

​លោក​បន្ត​ថា​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​យើង​ឃើញ​មាន​អ​គារ​ខ្ពស់​ៗ​ជាច្រើន​បាន​នឹង​កំពុង​លេច​ឡើង​ម្តង​ៗ​មួយ​ ​ហើយ​តម្លៃ​ដីធ្លី​ក៏​កើនឡើង​ខ្លាំង​ណាស់​ដែរ​។​ ​លោក​បញ្ជាក់​ថា​ ​កាលណា​មាន​តម្រូវការ​កើនឡើង​ ​តម្លៃ​ដី​ក៏​កើនឡើង​ទៅតាម​ហ្នឹង​ដែរ​។​ ​បើ​សិន​​លក់​រាង​ទាប​បន្តិច​គេ​ទិញ​យក​ភ្លាម​ៗ​តែម្តង​ ​ដោយ​មិន​ទុក​យូរ​នោះ​ទេ​ ​ព្រោះ​វា​ជា​ផ្លូវ​ដែល​មាន​សក្តា​នុ​ពល​ផ្នែក​សេដ្ឋកិច្ច​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here