សួន​កម្សាន្ត​លំដាប់​អន្តរជាតិ​តម្លៃ ៦០លាន​ដុល្លារ​នឹង​បើក​នៅ​ដើមឆ្នាំ​ក្រោយ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ សួន​កំសាន្ត​តម្លៃ ៦០លាន​ដុល្លារ​អាមេរិក ដែល​វិនិយោគ​ដោយ​បុរី​ប៉េង ហួត ​ស្ថិតនៅលើ​ផ្ទៃដី​ជិត ៨ហិកតា និងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលនឹង​បើក​ដំណើរការ​នៅ​ឆ្នាំ ២០១៩ខាងមុខនេះ។

លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុនបុរីប៉េង ហួតគ្រុប បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី៣០ វិច្ឆិកា​នេះ​ថា​គំរោង​អភិវឌ្ឍន៍​នេះ ត្រូវបាន​អភិវឌ្ឍ​នៅលើ​ផ្ទៃដី​ជិត ៨ហិកតា​ជាមួយនិង​អគារ​សាលប្រជុំ ឬ​សាល​សំរាប់​រៀបចំ​អា​ពា​ហ៏​ពិ​ពា​ហ៏។ សួន​កំសាន្ត​នេះ​ត្រូវបាន​រចនា​ឡើង​តាមបែប​អឺរ៉ុប ដែលមាន​សំណង់​អគារ​ពិសេសប្លែកៗ និង​លំអរ​ទៅដោយ​សួន​ដើម​ដើមឈើធំៗ សងខាង​ទន្លេ​ដែល​អាច​ជិះទូក​បាន និង​មាន​ស្ពានស្អាតៗឆ្លងទន្លេ​ចំនូ​ន​បី ភ្ជាប់​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត។ លោកបាន​បន្តថា ចំពោះ​ការរៀបចំ​តំបន់​ទៀតសោត យើង​បានរៀបចំ​ជា​តំបន់​អឺរ៉ុបផ្សេងៗគ្នា​ចំនួន​ដូចជា តំបន់​ទី១ មាន​អគារ​រចនាបថ​បែប​ប្រទេស​ស្ក​ត់ឡែ​ន និង​អាឡឺម៉ង់​មជ្ឈិមសម័យ។

តំប​បន់​ទី២ មាន​អគារ​រចនាបថ​បែប​ហូ​ឡង់ និង​បារាំង​សម័យកាល​រស់​ឡើងវិញ​នៃ​អរិយធម៌​រុងរឿង តំបន់​ទី៣ មាន​អគារ​រចនាបថ​បែប​អ៊ីតាលី​នៃ​ទន្លេ​វេ​នី​ស និង​តំបន់ផ្សេងៗទៀត។ អាគារ​នីមួយៗ ស្ថិត​នៅក្បែរ​មាត់ទន្លេ​នេះ​នឹងត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ភោជនីយដ្ឋាន​សម្បូរបែប មាន​អាហារ​អឺរ៉ុប ចិន ជប៉ុន ខ្មែរ។ល។ អ្នកទស្សនា​អាច​សម្រាកលំហែ និង​ពិសារ​អាហារ​ដ៏​មានឱជារស់​គ្រប់​ប្រភេទ​បាន​នៅទីនេះ។

លោកឧកញ៉ាបន្តថា ដោយ​សារភាព​ច្នៃប្រឌិត​ខ្ពស់ និង​ធ្វើឡើង​ដោយ​វិស្វករ និង​ស្ថាបត្យករ​ជាតិ និង​អន្តរជាតិ បានធ្វើ​ឲ្យ​គំរោង​នេះ​ទទួលបាន​ពាន​ចំនួន​ពីរ គឺ​ពានរង្វាន់​ផ្នែក​ស្ថាបត្យកម្ម​ឌិ​ហ្សា​ញ​សួន​លំហែរ ដែល​ល​ជាងគេ​លំដាប់​ផ្កាយ​ប្រាំ​នៅ​ឆ្នាំ២០១៦ និង​ពានរង្វាន់​ផ្នែក​អភិវឌ្ឍ​សួន​លំហែរ​ដែល​ល្អ​ជាងគេ​នៅ​កម្ពុជា​ប្រចាំឆ្នាំ២០១៧ ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អន្តរជាតិ​ដែលមាន​ការិយាល័យ​នៅ​ប្រទេស​អង់គ្លេស។

អគ្គនាយកក្រុមហ៊ុនរូបនេះបានលើកឡើងថា “គំរោង​នេះ​នឹង​បើក​ដំណើរការ​ស្វា​គម​ន៏​អ្នក​ដែល​រស់នៅក្នុង​បុរី​ប៉េង​ហួត និង​សាធារណៈជន​ទូទៅ​ដែល​ស្វែងរក​កន្លែង​សម្រាកលំហែរ​ និង​ញ៉ាំ​អាហារ​ប្រកបដោយ​ផាសុកភាព។ លោកឧកញ៉ាបន្តថា “ក្រុមហ៊ុន​ចាប់​អារ​ម្ម​ណ៏​ក្នុងការ​វិនិយោគ​ឡើង​គឺ​ក្នុង​គោលបំណង ផ្ដល់​ទីកន្លែង​ស្អាត​សំរាប់​លំហែ​កំសាន្ត ញ៉ាំ​អាហារ​ដល់​អ្នក​រស់នៅក្នុង​បុរី​ប៉េង​ហួត និង​សាធារណៈជន​ទូទៅ និង​ជាពិសេស​គឺ​ដើម្បី​ចូល​រូ​ម​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ ដោយ​នាំមក​នូវ​គំរោង​ថ្មី​ស្អាត ដែល​មិនដែល​ធ្លាប់​មាននៅ​ស្រុក​ខ្មែរ​ពីមុន ជូន​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ។

ចំពោះ​ការ​ចូលមក​ទស្សនា និង​កំសាន្ត ក្នុង​គំរោង​នេះ​នឹងមិន​តម្រូវ​ឲ្យ​មាន​ការទិញ​សំបុត្រ​ទេ។

លោក​ហូ វណ្ឌី​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា នេះ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ ដែល​កន្លងមក​វិស័យ​ឯកជន​ក្នុង​វិស័យនេះ តែងតែ​ជំរុញ​ឲ្យ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​វិនិយោគ​លើ​រមណីយដ្ឋាន​កែច្នៃ​ឲ្យ​បាន​ច្រើន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ស្នាក់នៅ និង​កម្សាន្ត​រយៈពេល​វែង​នៅ​កម្ពុជា។

លោក​បន្តថា “វិស័យ​ឯកជន​ស្វាគមន៍​គំរោង​វិនិយោគ​ថ្មី​នេះ ព្រោះ​វា​ជាការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទេសចរណ៍ ខណៈ​តំបន់​កំសាន្ត​នៅ​រាជធានី​ភ្នំពេញ​នៅមានកម្រិត​នៅឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here