ដោយគង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនចិនដ៏ធំមួយឈ្មោះ“NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTDបានប្រកាសវិនិយោគទឹកប្រាក់ជាង៨៨លានដុល្លារអាមេរិក ដើម្បីសាងសង់សេវាកម្មបដិសណ្ឋារកិច្ចនៅតំបន់រាម ក្នុងខេត្តព្រះសីហនុ។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងនាព្រឹកថ្ងៃទី១៩ កុម្ភៈនេះថា គណកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឲ្យក្រុមហ៊ុនខាងលើនេះវិនិយោគ”គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៣០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គំរោងវិនិយោគនេះមានទុនវិនិយោគប្រមាណ៨៨,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.៥៩៨កន្លែង។
វិស័យសំណង់ និងអចលនទ្រព្យក្នុងខេត្តព្រះសីហនុមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយទំហំទុនវិនិយោគក្នុងវិស័យនេះបានកើនឡើងដល់ជាង១០០០លានដុល្លារអាមេរិកកាលពីឆ្នាំមុន ហើយសំណង់អាគារខ្ពស់ៗបានកើនឡើងដល់ជាង២០០អាគាររហូតមកទល់ពេលនេះ។នេះបើតាមការឲ្យដឹងពីលោកយន្ត មីនអភិបាលខេត្តព្រះសីហនុ។
លោកបានបន្តថា “ដោយសារកំនើននៃការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ ពិសេសអ្នកវិនិយោគចិន បានធ្វើឲ្យប្រាក់ចំណូលប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុកើនឡើងដល់ជាង៣០០០ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ”។
ជាមួយនឹងកំនើនភ្ញៀវទេសចរណ៍ និងកំនើននៃការវិនិយោគ បានធ្វើឲ្យរដ្ឋាភិបាលនិងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា បានចាប់ផ្តើមពង្រីកអាកាសយានដ្ឋានខេត្តព្រះសីហនុឲ្យមានទំហំធំជាងមុន ដែលអាចចុះចតយន្តហោះខ្នាតមធ្យម ដែលផ្ទុកអ្នកដំណើរជាង៤០០នាក់ចុះចតបាន។ សមត្ថភាពព្រលានយន្តហោះ បន្ទាប់ពីពង្រីករួច គឺអាចទទួលបានអ្នកដំណើរ១០លាននាក់ក្នុងមួយឆ្នាំ និងអាចទទួលអ្នកដំណើរកាន់តែច្រើន និងទទួលការចុះចតយន្តហោះកាន់តែច្រើន និងធំជាងមុន៕