ដោយ រ៉ាវី
ភ្នំពេញ៖ ចំពោះទីផ្សារតម្លៃដីធ្លី នៅត្រើយម្ខាងរាជធានីភ្នំពេញ ក្នុងតំបន់អរិយក្ស័ត្រ តំបន់ស្វាយជ្រុំ និងតំបន់ព្រែកអំពិល ដែលបានកាត់ចូលជាចំណុះខ័ណ្ឌជ្រោយចង្វារ ត្រូវបានគេមើលឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេស ក្រោយពេលមានគម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជនទៅលើសំណង់លំនៅដ្ឋាន។ យ៉ាងណាក៏ដោយ អ្នកជំនាញបានលើកឡើងថា ថ្វីត្បិតស្ថានភាពនៃរចន្តទិញ-លក់ដីធ្លីមានភាពល្អប្រសើរយ៉ាងណា ប៉ុន្តែវានៅមានកម្រិតនៅឡើយ។
លោក ស៊ាំង សុធា ប្រធានទីផ្សារ និងលក់ គម្រោងសំណាង ដីឡូតិ៍ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ មានគម្រោងដីឡូតិ៍ និងក្រុមហ៊ុន អភិវឌ្ឍសំណង់លំនៅដ្ឋានមួយចំនួន បាន និងកំពុងតែបង្ហាញពីសកម្មភាពរបស់ខ្លួនយ៉ាងសកម្ម ខណៈដែលអតិថិជនក៏មានការចាប់អារម្មណ៍ ជាពិសេស ចំពោះអ្នកដែលមានបំណងទិញទុកលក់បន្តយកចំណេញតែម្ដង។ លោកបានបន្តទៀតថា ចំពោះតម្លៃដីឡូតិ៍ គឺមានច្រើនប្រភេទខុសពីគ្នា ព្រោះវាអាស្រ័យទៅលើទីតាំង និងទំហំដី ប៉ុន្តែទាបបំផុតក៏ ៧០០០ដុល្លារក្នុងមួយឡូតិ៍ដែរ ឬអាចឡើងរហូតដល់ ១៥០០០ដុល្លារក៏មានដែរ ហើយវានឹងបន្តឡើងតម្លៃទៀត នៅក្នុងពេលដ៏ខាងមុខនេះ នៅពេលដែលគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាលចាប់ផ្តើមមានសកម្មភាព ។
ពាក់ព័ន្ធទៅនឹងប្រធានបទខាងលើនេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា លោកទទួលស្គាល់ថា ចំពោះតម្លៃទីផ្សារដីធ្លី និងចរន្តនៃការទិញ-លក់ មានភាពល្អប្រសើរ ប៉ុន្តែលោកថា វានៅមានកម្រិតនៅឡើយ ពោលគឺមិនទាន់ផុសផុលដូចជាតម្លៃដីដែលស្ថិតនៅជាយរាជធានីភ្នំពេញ ដូចជានៅតាមផ្លូវជាតិលេខ១ ផ្លូវជាតិ២ ផ្លូវជាតិ៣ និងផ្លូវជាតិ៤ នៅឡើយនោះទេ ។
លោក ច្រឹក សុខនីម បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «កាលពីឆ្នាំ២០១៨ យើងឃើញថា សន្ទុះតម្លៃដីនៅតំបន់ខាងលើនេះ មានការកើនឡើងមែន ប៉ុន្តែវាមិនទាន់ដល់កម្រិតនោះទេ ហើយក្នុងនោះភាគច្រើន គឺគេទុកវិនិយោគក្នុងរយៈពេលយូរ ដោយសារតែតម្លៃនៅទាប និងវិសាលភាពដីធ្លីនៅមានភាពធំទូលាយ។ ដោយឡែកនៅឆ្នាំ២០១៩នេះ យើងនៅមិនទាន់អាចសន្និដ្ឋានបានថា តម្លៃដី និងស្ថានភាពអចលទ្រព្យនៅតំបន់ខាងលើនេះមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ឬយ៉ាងណានោះទេ ព្រោះវាទើបតែមានរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីសកម្មភាពនៃការអភិវឌ្ឍ គឺនៅតែបន្តក្នុងស្ថានភាពល្អដូចធម្មតា ដោយសារការអភិវឌ្ឍភាគច្រើនស្ថិតនៅក្នុងគម្រោងសល់ពីឆ្នាំចាស់ » ។
ជាមួយនឹងការលើកឡើងខាងលើនេះ លោក ច្រឹក សុខនីម ក៏បានបង្ហើបពីតម្លៃដីធ្លីផងដែរថា ៖ ចំពោះតម្លៃគឺមិនអាចនិយាយជារួមបាននោះទេ ដែលវាក៏អាស្រ័យទៅលើប្រភេទដី ទីតាំង និងស្ថានភាពផ្លូវផងដែរ ដូចជា ដីដែលស្ថិតនៅតំបន់ប្រជុំដែលមានពលរដ្ឋរស់នោះច្រើន មានផ្លូវធំ អាចខ្ទង់ចាប់ពី ៨០-១០០ដុល្លារ ឬអាចឡើងដល់២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ។
ដោយឡែកចំពោះដីដែលស្ថិតនៅក្នុងភូមិ មានផ្លូវចេញចូលតូចៗ អាចមានតម្លៃខ្ទង់ ២៥-៣៥ ដុល្លារ ឬអាចឈានដល់៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកឯដីដែលនៅឆ្ងាយពីតំបន់រស់នៅ ដូចជាដីស្រែជាដើម អាចមានតម្លៃចាប់ពី ៧-១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ៕