ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ថ្មីមួយពីវិទ្យាស្ថាន Lowy ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានឱ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេស ដែលមានការិយាល័យទូតច្រើនជាងគេលំដាប់ទី៨ នៅក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានចំនួន១០។
នៅក្នុងរបាយការណ៍សន្ទស្សន៍ការទូតសកល (Global Diplomacy Index) ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ដោយវិទ្យាស្ថាន Lowy បានបញ្ជាក់ថា កម្ពុជាមានការិយាល័យទូត ក្នុងនោះរួមមានស្ថានទូត ស្ថានកុងស៊ុល និងការិយាល័យផ្សេងទៀត ចំនួន៤៣កន្លែងនៅជុំវិញពិភពលោក ដោយនាំមុខប្រទេសប្រ៊ុយណេ ដែលមានការិយាល័យទូត៤២កន្លែង និងប្រទេសឡាវ ដែលមានការិយាល័យទូត៤០កន្លែង។
-->

យោងតាមរបាយការណ៍ដដែលបានបង្ហាញថា ឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងតំបន់អាស៊ាន ដែលមានការិយាល័យទូតនៅបរទេសច្រើនជាងគេ ចំនួន១៣០កន្លែង ខណៈម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ២ ដែលមានការិយាល័យទូតនៅបរទេសចំនួន១០៦កន្លែង។
ចំណែកបណ្តាប្រទេសជិតខាងក្បែរកម្ពុជា ដូចជា ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានការិយាល័យទូតនៅបរទេសចំនួន៩៧កន្លែង និងប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ៤ ដែលមានការិយាល័យទូតនៅបរទេសចំនួន៩៤កន្លែង។

ចំណាត់ថ្នាក់ទី៥ បានធ្លាក់ទៅលើប្រទេសហ្វីលីពីន ដែលមានការិយាល័យទូត នៅបរទេសចំនួន៩៤កន្លែងដូចវៀតណាមដែរ ខណៈលេខ៦ គឺប្រទេសសិង្ហបុរី និងលេខ៧ គឺប្រទេសមីយ៉ាន់ម៉ា។
ចំណែក ចំណាត់ថ្នាក់លេខ១នៅទូទាំងពិភពលោក បានទៅលើប្រទេសចិន ដែលមានការិយាល័យទូតច្រើនជាងគេបំផុតចំនួន២៧៤កន្លែង ដោយនាំមុខសហរដ្ឋអាមេរិក ដែលមានការិយាល័យទូតច្រើនជាងគេលំដាប់ទី២ ចំនួន២៧១កន្លែង៕