ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា កម្ពុជាត្រូវតែខិតខំអភិវឌ្ឍសមត្ថភាពជំនាញ និងត្រូវធ្វើពិពិធកម្មទំនិញនាំចេញរបស់ខ្លួន ដើម្បីទទួលបានតម្លៃបន្ថែមកាន់តែច្រើន។
លោកបណ្ឌិតគី សេរីវឌ្ឈន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ ក្នុងកិច្ចពិភាក្សាតុមូលស្តីពី “ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ ២០២៤”ដែលបានរៀបចំឡើងក្នុងសប្តាហ៍នេះថា ក្នុងអំឡុងពេលបដិវត្តឧស្សាហកម្មទី៤ នេះកម្ពុជាត្រូវតែខិតខំអភិវឌ្ឍន៍ សមត្ថភាពកម្លាំងពលកម្មរបស់ខ្លួន ឱ្យខ្លាំង ដើម្បីអាចទាក់ទាញ និងចាប់យកការមកដល់របស់រោងចក្រ/សហគ្រាសដែលប្រើបច្ចេកវិទ្យាទំនើបៗ។លោកពន្យល់ថា “ការធ្វើបែបនេះ នឹងជួយឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ ខណៈបរិបទនៃខឿនឧស្សាហកម្មកម្ពុជា ក្នុង រយៈពេលជិត៣០ឆ្នាំមកនេះ (ចាប់តាំងពីឆ្នាំ ១៩៩៦) គឺពឹងផ្អែកភាគច្រើន លើការនាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌ”។
លោកគី សេរីវឌ្ឈន៍បានបន្តថា ជាមួយនឹងការវិវឌ្ឍសង្គម-សេដ្ឋកិច្ច គឺកម្ពុជាដល់ពេលហើយ ក្នុងការធ្វើឱ្យខឿនឧស្សាហកម្មរបស់ខ្លួនកាន់តែទំនើប និងទទួលបានតម្លៃបន្ថែមច្រើនជាងមុន។ នេះជាដំណាក់កាលដែលកម្ពុជា គួរងាកពីវិស័យមួយចំនួន ដែលផ្តល់តម្លៃបន្ថែមទាប ទៅរកឧស្សាហកម្មផ្តល់តម្លៃបន្ថែមខ្ពស់។
លោកលើកឧទាហរណ៍ថា បើកម្ពុជាទិញក្រណាត់ ពីក្រៅប្រទេសមកចំណាយអស់៥ពាន់លានដុល្លារ ហើយពេលកែច្នៃរួចអាចលក់ទៅវិញបានចន្លោះពី១០-១២ ពាន់លានដុល្លារ ដូច្នេះតម្លៃបន្ថែមដែលកម្ពុជាបង្កើតបានគឺជាងទ្វេដង ប៉ុន្តែប្រសិនបើអាចចាប់យក ឬបង្កើតឧស្សាហកម្មថ្មីណា ដែលផ្តល់តម្លៃបន្ថែមកាន់តែខ្ពស់ គឺត្រូវតែពិចារណា និងខិតខំចាប់យកឱ្យបាន។ ផលិតកម្មសំខាន់ៗទាំងនោះ មានដូចជា ឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបង្គុំរថយន្ត ជាដើម។លោកគី សេរីវឌ្ឈន៍បានបន្តថា ការបណ្តុះបណ្តាលវិជ្ជាជីវៈ (ជំនាញអេឡិចត្រូនិក) គឺយើងអាចទិញឧបករណ៍/សម្ភារមកអស់ចំនួន១០០ដុល្លារ ប៉ុន្តែយើងលក់វិញបាន៥០០ដុល្លារ អីចឹងវាគុណនឹង៥ដង។ វិស័យកាត់ដេរអាចគុណនឹង ២ ប៉ុន្តែឧស្សាហកម្មអេឡិចត្រូនិក អាចគុណនឹង៥អីចឹងចំនួន៤ដែលលើស គឺបានមកអំពីចំណេះ និងជំនាញ។លោកបញ្ជាក់ទៀតថា “ចំណេះ ជំនាញ គឺបង្កើតតម្លៃបន្ថែមខ្ពស់”។
លោកទទួលស្គាល់ថា កម្ពុជានៅប្រឈមនឹងកង្វះធនធានមនុស្សជាច្រើន ដើម្បីអាចទាញយកវត្ថុធាតុដើម ដែលមានក្នុងស្រុក មកកែច្នៃ ដើម្បីដាក់បញ្ចូលទៅ ក្នុងចង្វាក់ផលិតកម្មសម្រេច។
បើតាមសេដ្ឋវិទូខាងលើ ការពង្រឹងសមត្ថភាពនេះ គួរតែធ្វើចាប់ពីថ្នាក់ក្រោម (កម្រិតបឋមសិក្សា) រហូតដល់កម្រិតមហាវិទ្យាល័យ ឬជំនាញឯកទេសណាមួយ។ លោកបន្តថា “នៅពេលកម្ពុជាមានធនធានមនុស្ស ដែលមានគុណភាពពិតប្រាកដ កាន់តែច្រើនឱកាសក្នុងការទាក់ទាញ រោងចក្រផលិតផលិតផលសម្រេច ក៏បានកាន់តែច្រើនផងដែរ”។
ជាមួយគ្នានេះ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកឧកញ៉ាតែ តាំងប៉ បានទទួលស្គាល់ថា ចំណេះដឹង និងបច្ចេកទេស ពិតជាសំខាន់ណាស់ក្នុងការជំរុញ និងលើកកម្ពស់សមត្ថភាពផលិតកម្ម។ នៅពេលផលិតកម្ម ក្នុងស្រុកផលិតបានកាន់តែច្រើន និងមានគុណភាពកាន់តែល្អនោះ ទីផ្សាររបស់វាក៏មានទំហំកាន់តែធំដែរ។លោកបន្តថា ទោះយ៉ាងណាអ្វីៗ អាចដំណើរការទៅមុខបានលឿន គឺទាមទារឱ្យមានការចូលរួមគាំទ្រ ផលិតផលក្នុងស្រុក រួមគ្នាធ្វើទីផ្សារ និងផ្សព្វផ្សាយទៅក្រៅប្រទេស ដើម្បីជំរុញការនាំចេញ ឱ្យបានកាន់តែច្រើន។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈកាលពីឆ្នាំ ២០២៣ បានដាក់ចេញនូវកម្មវិធី បណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសប្រមាណ១,៥ លាននាក់ ក្នុងន័យដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារនៅកន្លែងការងារ ក៏ដូចជា ត្រៀមចាប់យកឱកាសការងារថ្មីៗ ដែលនឹងមកដល់នាពេលខាងមុខ។
ការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពគន្លឹះទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕