មន្រ្តីជាន់ខ្ពស់ និងវិស័យឯកជនៈតំបន់សេដ្ឋកិច្ចពិសេសបៃតងក្នុងខេត្តកោះកុងនឹងទាក់ទាញការវិនិយោគ

0

ដោយៈ គង់ សូរិយា

        កោះកុងៈ  ក្នុងការងារផ្នែកឯកជនបាន​សាទរ ​ចំពោះ​ផែនការ​នៃ​ការបង្កើត​តំ​បន់​សេដ្ឋកិច្ច​ពិសេស​បៃតង នៅ​ខេត្តកោះកុង ព្រោះ​តំបន់​នេះ ​នឹង​ក្លាយទៅជា​គំរូ​មួយ​ សម្រាប់​ក្រុមហ៊ុន​ផ្សេងទៀត​អនុវត្តតាម ខណៈ​បច្ចុប្បន្ន​កម្ពុជា ​កំពុង​ប្រើ​ប្រាស់​ថាមពល​ស្អាត​ប្រមាណ៧០​ ​ភាគរយ​ទូទាំងប្រទេស​។

តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ​នឹង​បម្រើ​ជា​មជ្ឈមណ្ឌល​ដែល​មិន​ប៉ះពាល់​ ដល់​បរិស្ថាន​សម្រាប់​ការនាំចេញ និង​ផលិតកម្ម​ដែល​ត្រូវបាន​ព្យាករ​ថា ​នឹង​ទាក់ទាញ​វិនិយោគិន​បរទេស​បាន​ច្រើន​។​

លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​ ៥ ខែមីនា បាន​ជួបពិភាក្សា​ជាមួយ​លោកស្រី Rt Hon. Anne Marie Trevelyan រដ្ឋមន្ត្រី​របស់​ចក្រភព​អង់គ្លេស​ទទួលបន្ទុក ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​  ២ ដល់​ថ្ងៃទី ​៤ ខែមីនា ដើម្បី​ពិភាក្សា​ពី​ការគាំទ្រ​របស់​ចក្រភព​អង់គ្លេស​ លើ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង​ (SEZ) នៅ​ខេត្តកោះកុង​។​លោកបាន​ថ្លែងអំណរគុណ ​ចំពោះ​ចក្រភព​អង់គ្លេស ដែល​តែង​គាំទ្រ​លើ​ផលិតផល​កម្ពុជា និង​គំនិត​ផ្តួចផ្តើម​សម្រាប់​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង​នៅ​កម្ពុជា ព្រោះ​វា​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។​

លោកស្រី​ Anne-Marie Trevelyan បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​២ ក៏ដូចជា​ គោល​​បំណង​របស់​រដ្ឋាភិបាល​ចក្រភពអង់គ្លេស​ ចំពោះ​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​។លោកស្រី​បន្តថា​ “​ចក្រភព​អង់គ្លេស ​នឹង​បន្ត​ជំរុញ​ការវិនិយោគ​នៅ​កម្ពុជា ពិសេស​លើ​ការរៀបចំ​ សម្រាប់​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង និង​ទាក់ទាញ​វិនិយោគិន​ថ្មីៗ ​ពី​ចក្រភព​អង់គ្លេស​មក​កម្ពុជា​”។​

កាលពី​ចុងខែ​ធ្នូ ឆ្នាំ ​២០២៣ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​នឹង​អាជ្ញាធរ​ខេត្តកោះកុង និង​ឯកអគ្គរាជទូត​ចក្រភព​​អង់គ្លេស ​បាន​ជួបពិភាក្សា​អំពី​គម្រោង​នេះ ​យ៉ាងយូរ​។ តាម​ការប៉ាន់ប្រមាណ​គម្រោង​នេះ ​មានតម្លៃ​ចន្លោះ​ពី​ ៤០០-៨០០​ លាន​ដុល្លារ ហើយ​គម្រោង​នេះ ​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ចុងឆ្នាំ២០២៤ នេះ​។​

​គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា ​នឹង​ប្រែក្លាយ​ខេត្តកោះកុង ឱ្យទៅជា​មជ្ឈមណ្ឌល​ សម្រាប់​ឧស្សាហកម្ម​បៃតង​ ដោយ​ផ្តោតលើ​ថាមពល​កកើត​ឡើងវិញ ការគ្រប់គ្រង​សំណល់​ដោយ​និរន្តរភាព និង​ការអនុវត្ត​ដោយ​មិន​ប៉ះពាល់ ​ដល់​បរិស្ថាន​ក្នុង​វិស័យ​សំខាន់ៗ​ ដូចជា ផលិត​រថយន្ត អេឡិចត្រូនិក និង​វាយ​ន​ភណ្ឌ ជាដើម​។​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ាលឹម ហេងបាន មានប្រសាសន៍ថា តំបន់​សេដ្ឋកិច្ច​នេះ ​នឹង​ក្លាយជា​ចំណុច​របត់​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា ខណៈ​កម្ពុជា​កំពុង​ប្រើប្រាស់​ថាមពល​ស្អាត​ជាច្រើន​។​

លោក​ថ្លែងថា​ “យើង​ពិតជា​គាំទ្រ ដល់​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង​នៅក្នុង​ប្រទេស​របស់​យើង​។ ប៉ុន្តែ​អ្វីដែល​យើង​ចង់ឃើញ​គឺថា តើ​វា​ដំណើរការ​ដោយ​របៀប​ណា​? តើ​វា​ខុសពី​គម្រោង​ធម្មតា​ដូចម្ដេច​?”។ លោកបន្តថា “​បើតាម​ខ្ញុំ​ដឹងថា ទុនវិនិយោគ​គួរតែ​ច្រើនជាង​គម្រោង​ធម្មតា ប៉ុន្តែ​យើង​ស្វាគមន៍​ចំពោះ​ការ​​វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង​មួយ​នេះ​​។​លោក​បន្ថែមថា​ ​បច្ចុប្បន្ន​ប្រទេស​យើង​ កំពុង​ប្រើប្រាស់​ថាមពល​ស្អាត​ជាង៦០​ភាគរយ ​បាន​ពី​ថាមពល​សូ​ឡា និង​វា​រី​អគ្គិសនី ហើយ​យើង​នឹងមាន​ថាមពល​ស្អាត​បន្ថែមទៀត បាន​ពី​ថាមពលខ្យល់​នៅពេល​អ​នា​គ​ត​ដ៏​ខ្លី​ខាងមុខ​។

លោកបន្តថា “ខ្ញុំ​ជឿថា ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង​ក្នុងប្រទេស​របស់​យើង ជា​គំរូ​មួយ​សម្រាប់​តំបន់​សេដ្ឋ​​កិច្ច​ពិសេស​ផ្សេងទៀត​ដើម្បី​អនុវត្តតាម​”។​

ឧកញ៉ាសំ សុខ​នឿន អគ្គ​នា​យក​ក្រុមហ៊ុន Sam SN Realty បាន​លើកឡើងថា តំបន់​សេដ្ឋកិច្ច​ពិសេស​ កំពុង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​ ក្នុងការ​ទាក់​​ទាញ​វិនិយោគិន ​ឱ្យមក​បណ្តាក់​ទុន​នៅ​ប្រទេស​កម្ពុជា​កាន់តែច្រើន ដោយសារ​ការវិនិយោគ​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេ​ស គឺមាន​ភាពងាយស្រួល​។​

លោក​បញ្ជាក់ថា “តំបន់​សេដ្ឋ​កិច្ច​ពិសេស ​មិន​ត្រឹម​តែមាន​ភាពងាយស្រួល​ ស​ម្រា​ប់​វិ​និ​​យោគិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួមចំណែក​បង្កើត​ការងារ និង​ប្រាក់ចំណូល​ដល់​គ្រួសារ និង​ប្រទេស​ផងដែរ​”។

នៅដើមសប្តាហ៍នេះ ​តំណាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ជួបពិភាក្សា​ការងារ ​ជាមួយ​អភិបាលខេត្ត​កោះកុង និង​តំណាង​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា នៅ​ខេត្តកោះកុង ដោយ​លើកឡើងថា គម្រោង​នេះ ​គឺជា​ការបង្កើត​មជ្ឈមណ្ឌល​ផលិត​​កម្ម​បៃតង នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here