ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រុមការងារផ្នែកឯកជនចំនួន១៦ បានបើកកិច្ចប្រជុំផ្នែកឯកជន ស្តីពី “ការវាយតម្លៃ និងការផ្តល់ជាអនុសាសន៍ លើផលប៉ះពាល់ ក្នុងរយៈពេល ខ្លី មធ្យម និងវែង ពីស្ថានការណ៍តានតឹងព្រំដែនកម្ពុជា-ថៃ” ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជ។
កិច្ចប្រជុំកាលពីថ្ងៃទី៣០ មិថុនា ធ្វើឡើងនៅអគារធនាគារ វីងថៅវើ ភ្នំពេញ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) តំណាងផ្នែកឯកជន បានដឹកនាំ សហប្រធានក្រុមការងារផ្នែកឯកជនទាំង១៦ និងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសមាគម និងសភាពាណិជ្ជកម្ម-ធុរកិច្ច វិនិយោគ ជាតិ-អន្តរជាតិ ដែលមានភាពជាតំណាងរបស់ខ្លួននៅកម្ពុជា។
កិច្ចប្រជុំនេះ មានការចូលរួមមកពីគ្រប់ភាគីពាក់ព័ន្ធ សមាគមជាតិ អន្តរជាតិ សភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា សហប្រធានក្រុមការងារទាំងអស់ និងធុរជនធំជាច្រើនរូប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺពិភាក្សាលើបញ្ហាសំខាន់ ដើម្បីធ្វើការវាយតម្លៃពីបញ្ហាប្រឈម សំណើរ និងសំណូមពរផ្សេងៗ ព្រមទាំងស្វែងរកចម្លើយជាយុទ្ធសាស្ត្រ ដែលសមស្រប និងបង្កើនកិច្ចសហការណ៍ ផ្តល់ជាដំណោះស្រាយលើផលប៉ះពាល់ កំពុងជួបប្រទះក្នុងកាលៈទេសៈនេះ។
អង្គប្រជុំបានលើកឡើងនូវបញ្ហា យោបល់សំខាន់ៗ រួមមាន៖
១. វិបត្តិព្រំដែនកម្ពុជា- ថៃកំពុងបង្កការរាំងស្ទះដល់ពាណិជ្ជកម្ម ការធ្វើទេសចរណ៍ និងចរន្តពលកម្ម
២. វិស័យមីក្រូហិរញ្ញវត្ថុ: ស្ថាប័នឥណទានខ្នាតតូច បានសម្គាល់ហានិភ័យប្រព័ន្ធ ប្រសិនបើពលករកម្ពុជានៅថៃ ត្រឡប់មកវិញហើយជួបការលំបាកក្នុងការសងបំណុល។
៣ ការរាំងស្ទះលំហូរពាណិជ្ជកម្ម បង្កឲ្យតម្លៃដើមបង្កើតរោងចក្រខ្ពស់ឡើងនៅក្បែរព្រំដែន ខណៈដែលការស្វែងរកអ្នកផ្គត់ផ្គង់ជំនួសនៅតែពិបាក
៤. វិស័យទេសចរណ៍ គឺចរន្តទេសចរធ្លាក់ចុះយ៉ាងខ្លាំងនៅសៀមរាប និងភ្នំពេញ ដោយការស្វែងរកអន្តរជាតិ ចំពោះកម្ពុជាក៏បានធ្លាក់ចុះ២០% ផងដែរ។
៥. ខ្សែសង្វាក់ផ្គត់ផ្គង់កំពុងមានការបត់បែន ដែលធ្វើឲ្យក្រុមហ៊ុនផលិតអាហារកម្ពុជា កំពុងបង្កើនផលិតកម្ម ជាពិសេសសំរាប់សម្រាប់ទីផ្សារម៉ាឡេស៊ី និងវៀតណាម ដើម្បីក្លាយជាដៃគូផ្គត់ផ្គង់ ប្រទេសកាណាដា ក៏បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មក្នុងទីផ្សារកម្ពុជា។
៦. វិស័យកសិកម្ម: បញ្ហាជីកសិកម្ម និងការផ្លាស់ប្តូរដោយរហ័សនៃប្រភពផ្គត់ផ្គង់ អាចគំរាមកំហែងសន្តិសុខអាហារ និងបានពិភាក្សាលើវិស័យផ្សេងៗជាច្រើនទៀតផងដែរ៕