ដោយៈ គង់ សូរិយា
ភ្នំពេញៈ មនុស្សរាប់ពាន់នាក់បានរងគ្រោះ និងរងការឈឺចាប់ជាមួយទឹកប្រាក់ប្រមាណ៩០លានដុល្លារ ដែលពួកគេបានវិនិយោគ ដើម្បីទទួលបានផលចំណេញត្រលប់ ជាមួយអត្រាការប្រាក់ខ្ពស់ត្រូវបាត់បង់។ នេះបើតាមការលើកឡើងរបស់អ្នកឧកញ៉ាគួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងជាចាងហ្វាងសាលាអន្តរទ្វីបអាមេរិកាំង។
អ្នកឧកញ៉ាបានសរសេរសារបង្ហោះ លើបណ្តាញទំនាក់ទំនងសង្គម និងបានប្រាប់គេហទំព័រPropertyarea.asia កាលពីល្ងាចថ្ងៃទី២៤ មិនាថា អ្វីដែលលោកដាក់លិខិត និងបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម គឺសង្ឃឹមថាវាកំរើក ដំណើរការល្អ វានឹងមានដំណោះស្រាយ បើមិនអញ្ចឹងទេ ប្រជាពលរដ្ឋរាប់ពាន់នាក់នឹងក្តៅក្រហាយ។
អ្នកឧកញ៉ាបានបញ្ជាក់ថា “ខ្ញុំបានបាត់បង់ប្រាក់ជិត៣០ម៉ឺនដុល្លារ នៅក្នុងក្រុមCIC Plc ជារឿងពិត”។ អ្នកឧកញ៉ាបានបន្ថែមថា “ខ្ញុំជាអ្នកវិនិយោគ ជាអ្នករងគ្រោះក្នុងក្រុមហ៊ុននោះផងដែរ”។ អ្នកបន្តថា “ ខ្ញុំចង់មានភាពយុត្តិធ៌ម និងមានការស៊ើបអង្កេត ហើយប្រមុខរដ្ឋាភិបាល នឹងមិនព្រងើយកន្តើយនឹងរឿងនេះទេ ព្រោះបញ្ហានេះ និងឧកញ៉ាម្នាក់ ដែលមានរឿងអាស្រូវផ្នែកដីធ្លីដូចគ្នានេះ សុទ្ឋតែប៉ះពាល់ដល់មុខមាត់ជាតិរបស់យើង”។ជាមួយគ្នានេះ លោកទូច សុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា វាមិនមែនមានតែរឿងនេះមួយទេ គឺមានរឿងផ្ទុះជាបន្តបន្ទាប់ ប៉ុន្តែអ្វីដែលសំខាន់គឺបងប្អូនដែលរងគ្រោះ មានសិទ្ឋប្តឹងទៅកាន់សមត្ថកិច្ច ឬតុលាការ ទៅនាយកដ្ឋានព្រហម្មទណ្ឌក្រសួងមហាផ្ទៃជាដើម។ អ្វីសំខាន់សមត្ថកិច្ចមិនមែន មានតែក្រសួងមហាផ្ទៃមួយទេ គឺមានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងស្ថាប័នមានសមត្ថកិច្ចដទៃទៀត។
លោកបន្តថា “វាផ្អែកលើឆន្ទៈរបស់ជនរងគ្រោះ ឬជនរងគ្រោះត្រូវរួមសហការ ជាមួយសមត្ថកិច្ចជំនាញណាមួយ ដែលខ្លួនចង់សហការផ្អែកតាមច្បាប់ ដើម្បីឲ្យសមត្ថកិច្ចមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការស៊ើបអង្កេត និងប្រមូលភស្តុតាង”។ លោកបញ្ជាក់ទៀតថា “និយាយបែបនេះ មិនមែនមានន័យថាសមត្ថកិច្ចមិនធ្វើការ ឬព្រងើយកន្តើយចំពោះបញ្ហាណាមួយទេ”។
លោកទូច សុខៈបានបញ្ជាក់ទៀតថា រហូតមកទល់ពេលនេះ លោកមិនអាចនិយាយថា សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបើកការស៊ើបអង្កេតលើករណីនេះឬយ៉ាងណាទេ ព្រោះវាជាកិច្ចការសំងាត់របស់សមត្ថកិច្ច។លោកបន្តថា បើសិនជាមានការប្រកាសថា សមត្ថកិច្ចនឹងបើកការស៊ើបអង្កេត វានឹងប៉ះពាល់ដល់ការសំខាន់ និងលទ្ឋផល នៃការស៊ើបអង្កេត។ទាក់ទងបញ្ហានេះផងដែរ និយ័តករមូលបត្រកម្ពុជា និងបញ្ចាំ ដែលជាស្ថាប័នផ្តល់អាជ្ញាប័ណ្ណដល់CIC Plc បើកក្រុមហ៊ុនវិនិយោគរួម បាននិងកំពុងធ្វើអ្វីខ្លះលើរឿងអាស្រូវមួយនេះ។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនិយ័តករមូលបត្រកម្ពុជា និងបញ្ចាំ លោកស៊ូ សុជាតិបានមានប្រសាសន៍ថា យើងកំពុងស្ថិតនៅក្នុងដំណើរការរៀបចំ ហើយយើងខិតខំរិះរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិន។
លោកបន្ថែមថា “តែឥឡូវនេះ ខ្ញុំមិនទាន់អាចធ្វើការអត្ថាធិប្បាយបន្ថែមទៀតបាននៅឡើយទេ”។
តើអ្វីជាបញ្ហានៅពីក្រោយការដួលរលំរបស់CIC PLc (Cambodia Investment Club)?ជនរងគ្រោះ និងថ្នាក់ដឹកនាំជាច្រើន សុទ្ឋបានសម្តែងការងឿនឆ្ងល់ មិនដឹងថា CIC Plc ដួលរលំតាមរបៀបណា? និងបាត់លុយរបស់ពួកគេទៅណា អ្នកណាជាអ្នកយកលុយនេះ?។
អ្នកវិនិយោគមួយរូបបាននិយាយ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ថ្នាក់ដឹកនាំធំ និងនាយកប្រតិបត្តិរបស់CIC Plc លោកឡែម ចាន់សំរេច បានលបលួចយកទឹកប្រាក់ដ៏ច្រើនសន្ឋឹកសន្ឋាប់នោះ ទៅទិញដីស្ងាត់ៗ ហើយនៅពេលបញ្ហាសេដ្ឋកិច្ចជាប់គាំង រួមទាំងការដួលរលំរបស់វិស័យអចលនទ្រព្យ បានធ្វើឲ្យលុយទាំងនោះជាប់គាំងនៅលើដី និងគំរោងវិនិយោគជាច្រើនទៀត ដែលក្រុមថ្នាក់ដឹកនាំCICបានបង្កើតឡើង។
ថ្នាក់ដឹកនាំមួយរូបរបស់CICបានលើកឡើងថា CIC PLc បានទិញដី និងវិនិយោគលើគំរោងជាច្រើន រួមមាន ទិញដីនៅខេត្តមណ្ឌលគិរី រតនៈ ស្ទឹងត្រែង ពោធិសាត់ កំពត តាកែវ ខេត្តកណ្តាលជាដើម ប៉ុន្តែនៅពេលទីផ្សារអចលនទ្រព្យជាប់គាំង លុយទាំងនោះ ត្រូវបានជាប់គាំងនៅនឹងដី និងគំរោងទាំងអស់នោះ។
អ្នកវិនិយោគខាងលើបានសម្តែងនូវមន្ទិល និងចម្ងល់មួយចំនួនដូចជា ទី១ ប្រសិនជាក្បាលម៉ាស៊ីន ឬមេដឹកនាំ និងនាយកប្រតិបត្តិឃុបឃិតគ្នាដកលុយទាំងនោះ ហេតុអ្វីពួកគេមិនដឹង? ព្រោះទំហំទុនវិនិយោគមាន៩០លានដុល្លារអាមេរិកឯណោះ វាជាទំហំទឹកប្រាក់ច្រើនណាស់។ ទី២ ធម្មតា គំរោងវិនិយោគដែលមានទឹកប្រាក់ច្រើនបែបនេះ ច្បាស់ណាស់នឹងមានការបង្កើតគណនីរួម ដើម្បីឲ្យថ្នាក់ដឹកនាំដឹង ពីការបញ្ចេញលុយក្នុងទំហំណាមួយ និងធ្វើឡើងដោយអ្នកណា និងមានគោលបំណងអ្វី? ។
ទី៣ ជាធម្មតានៅពេលមានការបើកក្លឹប ឬសមាគម ឬក្រុមហ៊ុនអ្វីមួយ តែងតែមានការរៀបចំលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័ននោះ ដោយអនុញ្ញាត្តឲ្យប្រធាន ឬនាយកប្រតិបត្តិអាចដកប្រាក់ ក្នុងទំហំណាមួយប៉ុណ្ណោះ បើសិនជាដកលើសចំនួន គឺត្រូវប្រជុំសម្រេចពីក្រុមប្រឹក្សាភិបាល។
ទី៤ ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាភិបាលCIC ទាំង១២រូប សុទ្ឋតែជាអ្នកជំនួញ និងមានសមត្ថភាព ហេតុអ្វីពួកគេបណ្តោយឲ្យរឿងនេះកើតមានឡើងទៅរួច?។
ជាក់ស្តែង លោកឃីម សុខហេង ដែលជានាយកសាលាបណ្តុះបណ្តាលភាពជោគជ័យ(LSI) និងជាបុគ្គលសំខាន់ម្នាក់នៅពីក្រោយការប្រមូលលុយសន្ឋឹកសន្ឋាប់នេះ បានព្យាយាមលាក់បាំងការពិត ពីអ្វីដែលលោកទទួលខុសត្រូវ និងបានបដិសេធថា ក្រុមហ៊ុននេះនៅតែដំណើរការ និងមិនដួលរលំ?។
តាមប្រភពព័ត៌មានពីជនរងគ្រោះជាច្រើនបានឲ្យដឹងថា ជនរងគ្រោះជាច្រើនបាន និងកំពុងពិភាក្សាគ្នា ដើម្បីជួលមេធាវីឲ្យធ្វើការងារ និងដាក់ពាក្យបណ្តឹងលើរឿងនេះ ដោយពួកគាត់បានលើកឡើងថា ប្រសិនជាគ្មានការដាក់ពាក្យបណ្តឹងរឿងនេះ នឹងអាចមិនទទួលបានលទ្ឋផល៕