ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមប្រភព ដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះបានឱ្យដឹងថា ប្រទេសឥណ្ឌាគ្រោងចំណាយប្រាក់ជិត៣,៧ពាន់លានដុល្លារ ដើម្បីធ្វើជញ្ជាំងខ័ណ្ឌចែក ព្រំដែនប្រវែង១.៦១០គីឡូម៉ែត្រ ជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរត់ពន្ធ និងសកម្មភាពខុសច្បាប់ផ្សេងទៀត។
ទីក្រុងញូវដែលីបានទម្លាយឱ្យថា ខ្លួននឹងធ្វើជញ្ជាំងព្រំដែន និងបញ្ចប់គោលនយោបាយ ឆ្លងដែនដោយគ្មានទិដ្ឋាការ ដែលមានអាយុកាលរាប់ទសវត្សរ៍ ជាមួយប្រទេសមីយ៉ាន់ម៉ា ដោយលើកឡើងហេតុផលសន្តិសុខជាតិ និងដើម្បីរក្សារចនាសម្ព័ន្ធប្រជាសាស្រ្ត នៃតំបន់ភាគឦសានរបស់ខ្លួន។យោងតាមប្រភព ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កាលពីដើមខែមីនានេះ គណៈកម្មាធិការរដ្ឋាភិបាល បានអនុម័តលើការចំណាយសម្រាប់ធ្វើជញ្ជាំង ខ័ណ្ឌចែកព្រំដែនជាមួយមីយ៉ាន់ម៉ា ប៉ុន្តែសំណើរនេះ ត្រូវឆ្លងកាត់គណៈរដ្ឋមន្ត្រីរបស់លោក នាយករដ្ឋមន្ត្រី Narendra Modi មួយដំណាក់កាលទៀតជាមុនសិន។
ទោះជាយ៉ាងនេះក្តី ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ និងក្រសួងបរទេសឥណ្ឌា មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរសុំធ្វើការអត្ថាធិប្បាយនោះទេ។ គិតរហូតមកទល់ពេលនេះ ភាគីមីយ៉ាន់ម៉ា ក៏មិនបានធ្វើអត្ថាធិប្បាយ អំពីផែនការធ្វើរបងព្រំដែនរបស់ឥណ្ឌាផងដែរ។ចាប់តាំងពីមានរដ្ឋប្រហារយោធា នៅប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ២០២១ ដឹកនាំដោយលោក Min Aung Hlaing ជនស៊ីវិលរាប់ពាន់នាក់ និងទាហានរាប់រយនាក់បានភៀសខ្លួន ទៅកាន់ប្រទេសឥណ្ឌាតាមបណ្តោយច្រកព្រំដែន។
យោងតាមសារពត៌មាន Reuters បានចុះផ្សាយថា ការណ៍នេះបានធ្វើឱ្យទីក្រុងញូវដេលី ព្រួយបារម្ភជាខ្លាំង ដោយសារតែហានិភ័យនៃភាពតានតឹងសហគមន៍ អាចរីករាលដាលដល់ប្រទេសរបស់ខ្លួន។ស្ថានការណ៍ដ៏តានតឹងនេះ កើតឡើងនៅក្នុងរដ្ឋ Manipur ស្ថិតភាគឦសាននៃប្រទេសឥណ្ឌា។ អស់រយៈពេលជិតមួយឆ្នាំមកហើយ រដ្ឋ Manipur បានជួបប្រទះស្ថានភាពមួយ ដែលប្រៀបដូចជាសង្រ្គាមស៊ីវិល រវាងក្រុមជនជាតិភាគតិចចំនួន២ ដែលជាប់ខ្សែស្រឡាយជាមួយកុលសម្ព័ន្ធ Chin របស់ប្រទេសមីយ៉ាន់ម៉ា៕