ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា វិស័យនគរូបនីយកម្ម មានអត្រាកំណើនខ្ពស់ និងមានសន្ទុះអភិឌ្ឍន៍លឿន ក្នុងនោះប្រសិនបើយើងមិនបានរៀបចំផែនការ ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងផែនការវិនិយោគឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនោះទេ យើងនឹងត្រូវទទួលរងការខាត់បង់ធំទៅពេលអនាគត។
លោកវង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំចង្អៀតស្តីពី “ការរៀបចំយុទ្ធសាស្រ្តភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣” ជាមួយភាគី ADB ដែលដឹកនាំដោយលោកជំទាវ Sunniya Durrani-Jamal នាយិកាស្ថានតំណាងADBប្រចាំកម្ពុជានៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩កន្លងមកថា វិស័យនគរូបនីយកម្ម ជាវិស័យមួយមានអត្រាកំណើនខ្ពស់ និងមានសន្ទុះអភិឌ្ឍន៍លឿន ដូចនេះប្រសិនបើយើងមិនបានធ្វើផែនការអភិវឌ្ឍន៍ឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយទេ យើងនឹងត្រូវទទួលរងការខាត់បង់ធំទៅថ្ងៃក្រោយជាក់ជាមិនខាន។
លោកបន្តថា “ដូចនេះការផ្តល់ហិរញ្ញប្បទានពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង ចាំបាច់តម្រូវឱ្យមានផែនការមេអភិវឌ្ឍទីក្រុង ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងផែនការវិនិយោគ”។ លោកបន្តថា “នៅគ្រប់គម្រោងវិនិយោគទាំងអស់ ត្រូវតែជាគម្រោងដែលអាចធ្វើទៅបាន និងមានចិរភាព ជាពិសេសគឺមានការគិតគូរលើផែនការ ប្រមូលចំណាយគម្រោងមក ដើម្បីធានាបាននូវយុត្តិធម៌ រវាងអ្នករស់នៅទីក្រុង និងអ្នករស់នៅជនបទ ហើយអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនទូទៅ”។
លោកវង្សី វិស្សុតបានបន្តថា ចំណែកការវិនិយោគនៅក្នុងវិស័យដឹកជញ្ជូន ក៏ចាំបាច់តម្រូវឱ្យមានផែនការមេនៃវិស័យដឹកជញ្ជូនផងដែរ ប្រសិនបើយើងគ្រប់គ្រង បែងចែក និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងត្រឹមត្រូវ ថែមទាំងមានអភិបាលកិច្ចទៀតនោះ កម្ពុជានឹងមានអនាគតកាន់តែល្អប្រសើរ។
លោកបន្តថា កម្ពុជាចង់កំណត់អាទិភាពនៃការប្រើប្រាស់ហិរញ្ញប្បទានពី ADB ឱ្យកាន់តែច្បាស់លាស់ និងចំទិសដៅ គឺផ្អែកតាមក្របខ័ណ្ឌយុទ្ធសាស្រ្ត ក្របខ័ណ្ឌគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងចក្ខុវិស័យឆ្នាំ២០៣០។ ក្រៅពីការគិតគូរលើប្រសិទ្ធភាពនៃការប្រើប្រាស់កម្ពុជាចង់ផ្តោតលើកត្តាចីរភាពនៃគម្រោងថែមទៀត ដើម្បីធានាបានថា ធនធានដែលកម្ពុជាទទួលបាន ADB, ពិតជាត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ៕