ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកវិភាគទីផ្សារអចលនទ្រព្យបានមើលឃើញថា ក្នុងស្ថានភាពបច្ចុប្បន្ន ម្ចាស់អចលនទ្រព្យ ដែលជាប់បំណុល និងអ្នកពាក់ព័ន្ឋ បានទទួលយកការពិតពីស្ថានភាពនេះ។
អគ្គនាយកក្រុមហ៊ុនAdvance Real Estate លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១ កក្កដាថា ចំនួនអ្នកលក់អចលនទ្រព្យ លើទីផ្សារពីមុន បានបង្ហាញជំហរខ្លួនឯងច្រើន ប៉ុន្តែនាពេលនេះពួកគាត់បានយល់ពីស្ថានភាពឬឥរិយាបទទីផ្សារ ដែលស្ថានភាពពិតរបស់ទីផ្សារនេះមានបញ្ហាប្រឈម និងការធ្លាក់ចុះសន្សឹមៗ។
លោកបន្តថា “ឥលូវពួកគាត់ចាប់ផ្តើមទទួលយក និងស្តាប់យោបល់របស់អ្នកជំនាញ ដើម្បីជម្រុញការលក់អចលនទ្រព្យ ពួកគាត់ចេញ”។ លោកបន្តថា “អ្នកមានបញ្ហាបំណុល បញ្ហាជីវភាព និងការជាប់គាំងលំហូរសាច់ប្រាក់ ពួកគាត់បានចាប់ផ្តើមទទួលយកនិងយល់ពីទីផ្សារកាន់តែច្បាស់”។
លោកប៉ូ អ៊ាវគង់បានបន្តថា ប្រសិនជាពួកគេយល់ពីស្ថានភាពទីផ្សារកាន់តែច្រើន លោកគិតថាបន្តិចទៀត កំណើននៃការលក់ចេញអចលនទ្រព្យ អាចរកអ្នកទិញក្នុងទីផ្សារ នឹងធ្វើឲ្យកំណើននៃការទិញលក់មានការកើនឡើងសន្សឹមៗផងដែរ។
លោកបន្តថា “ទោះជាយ៉ាងណាការទិញ លក់ និងការទទួលស្គាល់ស្ថានភាពទីផ្សារនេះ ខ្ញុំគិតថាវានឹងកើតមានសន្សឹមៗ និងមិនលឿននោះទេ”។ លោកបន្តថា “នៅពេលស្ថានភាពតម្លៃទីផ្សារធ្លាក់ដល់បាត នឹងធ្វើឲ្យមានកំណើននៃការទិញ លក់ជាថ្មី ដោយកំណើនតម្លៃនឹងមានការវិវត្តន៍ តែបញ្ហានេះត្រូវការរយៈពេល១ទៅ២ឆ្នាំទៀត។
លោកប៉ូ អ៊ាវគង់បានបន្តទៀតថា ប្រសិនបើធនាគារនៅតែរឹតបន្តឹងឥណទាន និងការដំឡើងអត្រាការប្រាក់នៅតែមានដូចក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយយោងលើប្រាក់គោលនៅអាមេរិកនិងអឺរ៉ុបនឹងធ្វើឲ្យបញ្ហាប្រឈមក្នុងវិស័យនេះនៅតែបន្តអូសបន្លាយ៕