ដោយៈ និស្ស័យ
ភ្នំពេញៈ អនុវត្ដន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្ដីជូនដំណឹង លើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) រយៈពេល១ឆ្នាំ។
យោងតាមសេចក្ដីជូនដំណឹងស្តីពី ការអនុវត្តកាតព្វកិច្ចរបស់អ្នកអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ចុះថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០២៤ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃវេទិកា រាជរដ្ឋាភិបាលកម្ពុជា–ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធវិធានការគាំទ្រដល់វិស័យសំណង់ និងអចលនទ្រព្យ និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការអនុវត្តប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត អាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ នឹងលើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ប៉ុន្តែ ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ចាំបាច់ត្រូវបំពេញកាតព្វកិច្ច ស្របតាមប្រកាសលេខ ០៤៧ អ.ស.ហ.ប្រកខាងលើនិងបទប្បញ្ញត្តិពាក់ព័ន្ធ។