ឥណ្ឌូនេស៊ីដាក់គោលដៅទាក់ទាញការិយាល័យគ្រួសារ មកពីជុំវិញពិភពលោក

ចែករំលែក

ដោយ: គង់ លាងហួរ

ហ្សាការតា: រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងដាក់ឱ្យអនុវត្តន៍គំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ដើម្បីបង្កើតការិយាល័យគ្រួសារ អង្គភាពឯកជន ក្នុងគោលដៅគ្រប់គ្រងចាត់ចែង កិច្ចការជំនួញរបស់គ្រួសារអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ 

ផែនការនេះ នឹងអនុញ្ញាតឱ្យមហាសេដ្ឋី មកពីបណ្តាប្រទេសផ្សេងៗ អាចចូលមកធ្វើការបណ្តាក់ទុនវិនិយោគ នៅប្រទេសឥណ្ឌូនេស៊ីបាន ដោយមិនចាំបាច់មានបំណុលពន្ធ។

ទន្ទឹមនឹងនេះ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានដឹកនាំបង្កើតក្រុមការងារពិសេសមួយ  ដោយមានការចូលរួមពីក្រសួងមួយចំនួន និងធនាគារពិភពលោក ដើម្បីវាយតម្លៃគម្រោងវិនិយោគ របស់ការិយាល័យគ្រួសារ ព្រមទាំងរៀប​ចំបទប្បញ្ញត្តិ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់។

លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគ បានលើកឡើងថា “វិនិយោគិនបរទេសមួយចំនួន បានបង្ហាញចំណាប់អារម្មណ៍ និងត្រៀមចុះឈ្មោះឱ្យបានមុនដំបូងគេ ហើយយើងគ្រោងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ”។

ជាមួយគ្នានេះ រដ្ឋាភិបាលបានកំណត់យកទីតាំង បង្កើតការិយាល័យគ្រួសារនៅកោះបាលី ព្រោះកោះនេះគឺជារមណី​យដ្ឋាន ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ មកពីជុំវិញពិភពលោក ក៏ដូចជានៅទីក្រុង Nusantara ដែលជារដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី។

លោក Luhut បានអះអាងថា “បច្ចុប្បន្ននេះ ទំហំទឹកប្រាក់ប្រហែល១១ទ្រីលានដុល្លារអាមេរិក ត្រូវបានវិនិយោគនៅខាងក្រៅប្រទេសកំណើត របស់វិនិយោគិនទូទាំងពិភពលោក ហើ​យចំនួននេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតនាពេលខាងមុខ”។

លោកបានបន្ថែមថា “ប្រទេសឥណ្ឌូនេស៊ី ដែលមានកំណើ​នសេដ្ឋកិច្ចដ៏រឹងមាំ ទស្សនវិស័យវិនិយោគដ៏ធំ និងគោលនយោ​បាយភូមិសាស្ត្រនយោបាយអព្យាក្រឹត មានឱកាសទាក់ទាញទុនវិនិយោគពីបរទេស និងក្លាយជាគោលដៅ សម្រាប់ការបណ្តាក់ទុន”។

លោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត  បានចាត់ទុកការិយាល័យគ្រួសារថា ជាឱកាស សម្រាប់ប្រទេសឥណ្ឌូនេស៊ី ក្នុងការពង្រឹងប្រព័ន្ធអេកូវិនិយោគក្នុងស្រុក ព្រោះការិយាល័យគ្រួសារ អាចដើរតួជាកាតាលីករ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងមាននិរន្តរភាព។

លោក Uno បាននិយាយថា “ប្រសិនបើប្រទេសឥណ្ឌូនេស៊ីអាចទាក់ទាញបានត្រឹមតែ៥ភាគរយ នៃចំនួនការិយាល័យគ្រួសារសរុបនៅលើពិភពលោក នោះមានន័យថា យើងអាចទាក់ទាញទុនវិនិយោគ ពីបរទេសលើសពី៥០០ពាន់លានដុល្លារ ដែលនេះជាឱកាសដ៏ធំមួយ”៕ប្រភព:Xinhua៕


ចែករំលែក