កម្ពុជា ឥណ្ឌូនេស៊ីគ្រោងចុះMOUជម្រុញជើងហោះហើរបន្ថែម

0

កម្ពុជា ឥណ្ឌូនេស៊ីគ្រោងចុះMOUជម្រុញជើងហោះហើរបន្ថែម

       ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា និង​ឥណ្ឌូណេស៊ី បាន​ឯកភាព​គ្នា​ពន្លឿន​ ការ​ចុះ​អនុស្សរណៈ ​នៃ​ការ​យោគយល់​គ្នា (MoU) ស្ដីពី​ពាណិជ្ជកម្ម​អង្ករ ព្រមទាំង​ឯកភាព​គ្នា​ជំរុញ​ឱ្យ​មាន​ជើង​ហោះហើរ​ត្រង់​បន្ថែម​ទៀត ​រវាង​ទីក្រុង​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ។

ការ​ឯកភាព​គ្នា​នេះ​ធ្វើឡើង​ ក្នុង​កិច្ច​ប្រជុំ​លើក​ទី៥​នៃ​គណៈកម្មការ​ចម្រុះ ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី(JCBC) កម្ពុជា-ឥណ្ឌូណេស៊ី នា​ថ្ងៃទី២១ សីហា នៅ​រាជធានី​ភ្នំពេញ។

លោក សុខ ចិន្តាសោភា ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ធ្វើជា​សហ​ប្រធាន​កិច្ចប្រជុំ​នេះ ​ជាមួយ​លោកស្រី Retno Marsudi រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី។

ក្រសួង​ការបរទេស​បញ្ជាក់ ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​២២ សីហា ថា “រដ្ឋមន្ត្រី​ទាំងពីរ​កត់សម្គាល់ ​ដោយ​ការ​ពេញចិត្ត​ ចំពោះ​ការ​បន្ត​កើន​ឡើង ​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេរភាគី ​ដែល​បាន​កើន​ឡើង​ ដល់​លើស១ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​២០២៣ និង​បាន​ឯកភាព​ពន្លឿន​ការ​ពិភាក្សា​លើ MoU ស្ដីពី​ពាណិជ្ជកម្ម​អង្ករ”។

ក្រសួង​បន្ត​ថា ក្នុង​គោលបំណង​ពង្រឹង​ការ​តភ្ជាប់ និង​សម្រួ​ល​ការ​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច និង​វប្បធម៌ ភាគី​ទាំងពីរ​បាន​ឯកភាព​ជំរុញ​ឱ្យ​មាន​ជើង​ហោះហើរ​ ត្រង់​បន្ថែម​ទៀត​រវាង​ទីក្រុង​ទេស​ចរណ៍​នៃ​ប្រទេស​ទាំងពីរ»។

លោក សុខ ចិន្តាសោភា និង​លោកស្រី Marsudi ​ក៏​បាន​ឯកភាព​ជំរុញ​ឱ្យ​បញ្ចប់​ការ​ពិភាក្សា MoU ស្ដីពី​កិច្ច​សហប្រតិបត្តិការ​វប្បធម៌, បន្ត​ឡើង​វិញ​ នូវ​កិច្ច​សហប្រតិបត្តិការ ​សម្ព័ន្ធ​មេត្រីភាព​រវាង​ខេត្ត​សៀមរាប និង​ខេត្ត​ជ្វា​កណ្ដាល និង​បង្កើត​ទំនាក់ទំនង​ខេត្ត-ក្រុង​សម្ព័ន្ធ​មេត្រីភាព ​រវាង​រាជធានី​ភ្នំពេញ និង​កោះ​សូម៉ាត្រា​ខាង​លិច។

រដ្ឋមន្ត្រី​ទាំងពីរ បាន​លើកឡើង​អំពី​សារៈសំខាន់ ​នៃ​សន្តិសុខ​ស្បៀង និង​បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត ​ក្នុង​ការ​ពន្លឿន​ការ​អនុវត្ត MoU ស្ដីពី​កិច្ច​សហប្រតិបត្តិការ​កសិកម្ម ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០២៣ និង​ការ​ចុះ​ហត្ថលេខា​លើ MoU ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ សហគ្រាស​ធុន​តូច និង​មធ្យម។

ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា ​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិ​បត្តិការ ​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ក្រសួង​វិនិយោគ​ឥណ្ឌូណេស៊ី និង​បាន​ប្រកាស​ស្វាគមន៍ ​គោលបំណង​របស់​ក្រុមហ៊ុន​ឥណ្ឌូណេស៊ីPerum BULOG ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​កសិកម្ម ដូចជា​ម៉ាស៊ីន​កិនស្រូវ និង​ឃ្លាំង។

ក្នុង​រយៈ​ពេល​៧​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២៤ ពី​ខែ​មករា ដល់​ខែ​កក្កដា ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី ​មានទឹកប្រាក់​ជាង​៦៦៤លាន​ដុល្លារ ធ្លាក់ចុះ១​ភាគរយ។ ក្នុង​នោះ​ ការ​នាំចេញ​ មាន​ជាង​៦២​លាន​ដុល្លារ កើន​១៥៥ភាគរយ ខណៈ​ការ​នាំចូល​​មាន​ជាង​៦០១​លាន​ដុល្លារ ធ្លាក់ចុះ៦,៩​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣។ នេះ​បើ​យោង​តាម​របា​យ​ការណ៍​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here