កម្ពុជា ឥណ្ឌូនេស៊ីគ្រោងចុះMOUជម្រុញជើងហោះហើរបន្ថែម
ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រមុខការទូតកម្ពុជា និងឥណ្ឌូណេស៊ី បានឯកភាពគ្នាពន្លឿន ការចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្ដីពីពាណិជ្ជកម្មអង្ករ ព្រមទាំងឯកភាពគ្នាជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀត រវាងទីក្រុងទេសចរណ៍នៃប្រទេសទាំងពីរ។
ការឯកភាពគ្នានេះធ្វើឡើង ក្នុងកិច្ចប្រជុំលើកទី៥នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី(JCBC) កម្ពុជា-ឥណ្ឌូណេស៊ី នាថ្ងៃទី២១ សីហា នៅរាជធានីភ្នំពេញ។
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើជាសហប្រធានកិច្ចប្រជុំនេះ ជាមួយលោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី។
ក្រសួងការបរទេសបញ្ជាក់ ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី២២ សីហា ថា “រដ្ឋមន្ត្រីទាំងពីរកត់សម្គាល់ ដោយការពេញចិត្ត ចំពោះការបន្តកើនឡើង នៃទំហំពាណិជ្ជកម្មទ្វេរភាគី ដែលបានកើនឡើង ដល់លើស១ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងបានឯកភាពពន្លឿនការពិភាក្សាលើ MoU ស្ដីពីពាណិជ្ជកម្មអង្ករ”។
ក្រសួងបន្តថា ក្នុងគោលបំណងពង្រឹងការតភ្ជាប់ និងសម្រួលការផ្លាស់ប្ដូរសេដ្ឋកិច្ច និងវប្បធម៌ ភាគីទាំងពីរបានឯកភាពជំរុញឱ្យមានជើងហោះហើរ ត្រង់បន្ថែមទៀតរវាងទីក្រុងទេសចរណ៍នៃប្រទេសទាំងពីរ»។
លោក សុខ ចិន្តាសោភា និងលោកស្រី Marsudi ក៏បានឯកភាពជំរុញឱ្យបញ្ចប់ការពិភាក្សា MoU ស្ដីពីកិច្ចសហប្រតិបត្តិការវប្បធម៌, បន្តឡើងវិញ នូវកិច្ចសហប្រតិបត្តិការ សម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងខេត្តជ្វាកណ្ដាល និងបង្កើតទំនាក់ទំនងខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងកោះសូម៉ាត្រាខាងលិច។
រដ្ឋមន្ត្រីទាំងពីរ បានលើកឡើងអំពីសារៈសំខាន់ នៃសន្តិសុខស្បៀង និងបានបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការពន្លឿនការអនុវត្ត MoU ស្ដីពីកិច្ចសហប្រតិបត្តិការកសិកម្ម ដែលបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ២០២៣ និងការចុះហត្ថលេខាលើ MoU ស្ដីពីកិច្ចសហប្រតិបត្តិការ សហគ្រាសធុនតូច និងមធ្យម។
ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងវិនិយោគឥណ្ឌូណេស៊ី និងបានប្រកាសស្វាគមន៍ គោលបំណងរបស់ក្រុមហ៊ុនឥណ្ឌូណេស៊ីPerum BULOG ក្នុងការវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម ដូចជាម៉ាស៊ីនកិនស្រូវ និងឃ្លាំង។
ក្នុងរយៈពេល៧ខែដំបូងក្នុងឆ្នាំ២០២៤ ពីខែមករា ដល់ខែកក្កដា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី មានទឹកប្រាក់ជាង៦៦៤លានដុល្លារ ធ្លាក់ចុះ១ភាគរយ។ ក្នុងនោះ ការនាំចេញ មានជាង៦២លានដុល្លារ កើន១៥៥ភាគរយ ខណៈការនាំចូលមានជាង៦០១លានដុល្លារ ធ្លាក់ចុះ៦,៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕