អ្នកជំនាញៈទីផ្សារអចលនទ្រព្យនៅតែមានតម្រូវការតែអ្នកវិនិយោគនៅតែស្វែងរកតម្លៃក្រោមទីផ្សារ
ដោយៈ គង់ សូរិយា
ភ្នំពេញៈ គិតមកដល់ចុងខែសីហានេះ អ្នកជំនាញបានមើលឃើញថា ទីផ្សារអចលនទ្រព្យមានដំណើរទៅមុខ សន្សឹមៗ បើធៀបនឹងឆ្នាំ២០២៤កន្លងមក។
លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Serviceបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី២៨ សីហានេះថា រហូតមកទល់ពេលនេះ តម្លៃនៅតែមិនទាន់កើនឡើងនោះទេ ប៉ុន្តែអ្នកស្វែងរកនៅតែរកអចលនទ្រព្យតម្លៃក្រោមទីផ្សារ ទាំងដី និងផ្ទះទី២។
លោកស្រីបន្តថា “កាលៈទេសៈណា ក៏នៅតែមានតម្រូវការ តែអ្នករកទិញដី ឬផ្ទះមានគោលបំណង យកធ្វើអាជីវកម្មពិតប្រាកដ”។ លោកស្រីបន្តថា “អ្នកទិញនៅតែសម្លឹងអចលនទ្រព្យ មានទីតាំងល្អ និងតម្លៃទាបជាងទីផ្សារខ្លាំង”។
លោកស្រីតាំង ហួរបានបន្តថា ផ្ទះឬអាគារ អ្នកទិញតែងតែយកមកប្រើប្រាស់ ក្នុងគោលបំណងណាមួយជាក់លាក់ ដែលអាចយកមកធ្វើអាជីវកម្ម ឬជូលបានក្នុងតម្លៃល្អ។
យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយ កាលពីឆមាសទី១បានបង្ហាញថា ទីផ្សារអចលនវត្ថុនៅតែងើបឡើងវិញ ក្នុងសភាពយឺតយ៉ាវ ជាមួយនឹងកំណើនប្រមាណ១,៥ភាគរយ សម្រាប់ឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPLបានលើកឡើងថា អចលនទ្រព្យនៅតែមានឱកាសរីកចម្រើន វាប្រៀបដីដូចជាសក់ដែលកាត់ខ្លីរួច វានឹងបន្តដុះឡើងវិញ។
លោកឧកញ៉ាបានបង្ហាញសុទិដ្ឋិនិយមថា “ទីផ្សារអចលនវត្ថុនៅតែមានភាពប្រសើរ និងឱកាសរីកចម្រើនជាថ្មីនាពេលខាងមុខ ពិសេសអ្នកនៅក្នុងវិស័យនេះ ត្រូវតែរួមគ្នាផ្តល់ទំនុកចិត្តដល់ទីផ្សារឡើងវិញ”៕