អ្នកជំនាញៈទីផ្សារអចលនទ្រព្យនៅតែមានតម្រូវការតែអ្នកវិនិយោគនៅតែស្វែងរកតម្លៃក្រោមទីផ្សារ

ចែករំលែក

អ្នកជំនាញៈទីផ្សារអចលនទ្រព្យនៅតែមានតម្រូវការតែអ្នកវិនិយោគនៅតែស្វែងរកតម្លៃក្រោមទីផ្សារ

​ដោយៈ គង់ សូរិយា

​ភ្នំពេញៈ គិតមកដល់ចុងខែសីហានេះ អ្នកជំនាញបានមើលឃើញថា ទីផ្សារអចលនទ្រព្យមានដំណើរទៅមុខ សន្សឹម​ៗ បើធៀបនឹងឆ្នាំ២០២៤កន្លងមក។

​លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Serviceបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី២៨ សីហានេះថា រហូតមកទល់ពេលនេះ តម្លៃនៅតែមិនទាន់កើនឡើងនោះទេ ប៉ុន្តែអ្នកស្វែងរកនៅតែរកអចល​ន​ទ្រព្យតម្លៃក្រោមទីផ្សារ ទាំងដី និងផ្ទះទី២។

​លោកស្រីបន្តថា “កាលៈទេសៈណា ក៏នៅតែមានតម្រូវការ តែអ្នករកទិញដី ឬផ្ទះមានគោលបំណង យកធ្វើអាជីវកម្មពិតប្រាកដ”។ លោកស្រីបន្តថា “អ្នកទិញនៅតែសម្លឹងអចលនទ្រ​ព្យ មានទីតាំងល្អ និងតម្លៃទាបជាងទីផ្សារខ្លាំង”។

​លោកស្រីតាំង ហួរបានបន្តថា ផ្ទះឬអាគារ អ្នកទិញតែងតែយកមកប្រើប្រាស់ ក្នុងគោលបំណងណាមួយជាក់លាក់ ដែលអាចយកមកធ្វើអាជីវកម្ម ឬជូលបានក្នុងតម្លៃល្អ។

​យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយ កាលពីឆមាសទី១បានបង្ហាញថា ទីផ្សារអចលនវត្ថុនៅតែងើបឡើងវិញ ក្នុងសភាពយឺតយ៉ាវ ជាមួយនឹងកំណើនប្រមាណ១,៥ភាគរយ សម្រាប់ឆ្នាំ២០២៤នេះ។

​ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPLបានលើកឡើងថា អចលនទ្រព្យនៅតែមានឱកាសរីកចម្រើន វាប្រៀបដីដូចជាសក់ដែលកាត់ខ្លីរួច វានឹងបន្តដុះឡើងវិញ។

​លោកឧកញ៉ាបានបង្ហាញសុទិដ្ឋិនិយមថា “ទីផ្សារអចលនវត្ថុនៅតែមានភាពប្រសើរ និងឱកាសរីកចម្រើនជាថ្មីនាពេលខាងមុខ ពិសេសអ្នកនៅក្នុងវិស័យនេះ ត្រូវតែរួមគ្នាផ្តល់ទំនុកចិត្តដល់ទីផ្សារឡើងវិញ”៕


ចែករំលែក