ការព្យាករណ៍: ប្រទេសចិនត្រូវការយន្តហោះថ្មីចំនួន៨.៨៣០គ្រឿង​​ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ

0

ការព្យាករណ៍: ប្រទេសចិនត្រូវការយន្តហោះថ្មីចំនួន៨.៨៣០គ្រឿង​​ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ​ព្យា​ក​រណ៍ថា ប្រទេសចិននឹងត្រូវការយន្តហោះថ្មី ចំនួន៨.៨៣០គ្រឿង​​ ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ ស្របពេល​​ចិនកំពុងព្យាយាម ធ្វើ​ទំនើប​កម្ម​​វិស័យអាកាសចរណ៍​ ដើម្បីបំពេញកំនើន​​តម្រូវការ​ដឹក​អ្នកដំណើរ​ និង​ទំនិញ​តាម​ផ្លូវ​អាកាស​។​

ការព្យាករ​ណ៍ត្រូវបានភ្ជាប់ នៅ​ក្នុង​របាយការណ៍ទស្សនវិស័យទីផ្សារពាណិជ្ជកម្មឆ្នាំ២០២៤​ (CMO)របស់​ក្រុមហ៊ុន​ Boeing ចំពោះទីផ្សារចិន  ​ខណៈ​ចំនួនយន្តហោះ​ពាណិជ្ជកម្មចិន​​នឹងកើន​ឡើន​​ជាង​ទ្វេរដង បើធៀប​នឹង​​បច្ចុប្បន្ន​។

របាយការណ៍​បាន​បន្តថា​ ចំនួនយន្តហោះ​ពាណិជ្ជកម្មរបស់ចិន នឹងកើនឡើង៤,១ភាគរយ​ ជារៀងរាល់ឆ្នាំពី៤.៣៤៥ ដល់​៩.៧៤០គ្រឿង​ នៅ​ឆ្នាំ​២០៤៣ ​រួមជាមួយ​នឹង​កំណើ​នចរា​ចរណ៍ដឹកជញ្ជូន អ្នកដំណើរប្រចាំឆ្នាំក្នុងរង្វង់៥,៩ភាគរយ​​។ ​

លោក Darren Hulst អនុប្រធានទទួលបន្ទុកផ្នែកទីផ្សារពា​ណិ​ជ្ជកម្មនៅក្រុមហ៊ុនBoeing លើកឡើងថា ទីផ្សារអាកាសចរណ៍ពាណិជ្ជកម្មរបស់​ចិន សម្រាប់អ្នកដំណើរ និងទំនិញ បន្តរីកចម្រើន ដោយសារកំណើនសេដ្ឋកិច្ច និងការបង្កើតបណ្តាញហោះហើរក្នុងស្រុក។

ជាក់ស្ដែងការព្យាករ​ណ៍បង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ចិន នឹង​ទទួលបាន​តម្រូវការដឹកជញ្ជូនកាន់តែខ្ពស់។ ការ​ណ៍នេះ ទាមទារឱ្យក្រុមហ៊ុន​បង្កើន ​ការទិញយន្តហោះ​ថ្មីទំនើប​ៗ ដើម្បីកាត់បន្ថយការចាក់ប្រេង​​បន្ថែមទៀត​។

ក្រុមហ៊ុន Boeing បន្ត​ថា​ ចំនួនអ្នកដំណើរ នឹង​កើនឡើង បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ចិន ​បានពង្រីកជើងហោះហើរ​ទៅកាន់ទីក្រុងតូចៗ ខណៈការធ្វើដំណើរតាមផ្លូវអាកាស ​ក្នុងស្រុករបស់ប្រទេសចិន ក្លាយជាលំហូរចរាចរណ៍ដ៏មមាញឹកបំផុ​តនៅលើពិភពលោក​។

ក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមក​ យន្តហោះ Boeing ជា​ប្រព័ន្ធដឹកអ្នកដំណើរ និងដឹកទំនិញដ៏​សំខាន់​របស់វិស័យអាកា​សចរណ៍ស៊ីវិល​នៅប្រទេសចិន។ ជាមួយគ្នានេះ គ្រឿងបន្លាស់របស់យន្តហោះBoeing ជាង១០.០០០គ្រឿង ត្រូវបាន​ផលិតនៅ​ក្នុងប្រទេសចិន។

សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Boeing ​ក្នុងប្រទេសចិន បានរួមចំណែក ចាក់បញ្ចូលទឹកប្រាក់ជាង១,៦ពាន់លាន​ដុល្លារ​ក្នុងមួយឆ្នាំ ទៅក្នុងសេដ្ឋកិច្ច​ចិន ដូចជាការផ្គត់ផ្គង់ ការបណ្តាក់ទុនរួមគ្នា ការបំពេញប្រតិបត្តិការ ការបណ្តុះបណ្តាល និងការវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍៕ប្រភព: The edge Malaysia៕

LEAVE A REPLY

Please enter your comment!
Please enter your name here