ការព្យាករណ៍: ប្រទេសចិនត្រូវការយន្តហោះថ្មីចំនួន៨.៨៣០គ្រឿងក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ
ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ព្យាករណ៍ថា ប្រទេសចិននឹងត្រូវការយន្តហោះថ្មី ចំនួន៨.៨៣០គ្រឿង ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ ស្របពេលចិនកំពុងព្យាយាម ធ្វើទំនើបកម្មវិស័យអាកាសចរណ៍ ដើម្បីបំពេញកំនើនតម្រូវការដឹកអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស។
ការព្យាករណ៍ត្រូវបានភ្ជាប់ នៅក្នុងរបាយការណ៍ទស្សនវិស័យទីផ្សារពាណិជ្ជកម្មឆ្នាំ២០២៤ (CMO)របស់ក្រុមហ៊ុន Boeing ចំពោះទីផ្សារចិន ខណៈចំនួនយន្តហោះពាណិជ្ជកម្មចិននឹងកើនឡើនជាងទ្វេរដង បើធៀបនឹងបច្ចុប្បន្ន។
របាយការណ៍បានបន្តថា ចំនួនយន្តហោះពាណិជ្ជកម្មរបស់ចិន នឹងកើនឡើង៤,១ភាគរយ ជារៀងរាល់ឆ្នាំពី៤.៣៤៥ ដល់៩.៧៤០គ្រឿង នៅឆ្នាំ២០៤៣ រួមជាមួយនឹងកំណើនចរាចរណ៍ដឹកជញ្ជូន អ្នកដំណើរប្រចាំឆ្នាំក្នុងរង្វង់៥,៩ភាគរយ។
លោក Darren Hulst អនុប្រធានទទួលបន្ទុកផ្នែកទីផ្សារពាណិជ្ជកម្មនៅក្រុមហ៊ុនBoeing លើកឡើងថា ទីផ្សារអាកាសចរណ៍ពាណិជ្ជកម្មរបស់ចិន សម្រាប់អ្នកដំណើរ និងទំនិញ បន្តរីកចម្រើន ដោយសារកំណើនសេដ្ឋកិច្ច និងការបង្កើតបណ្តាញហោះហើរក្នុងស្រុក។
ជាក់ស្ដែងការព្យាករណ៍បង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងទទួលបានតម្រូវការដឹកជញ្ជូនកាន់តែខ្ពស់។ ការណ៍នេះ ទាមទារឱ្យក្រុមហ៊ុនបង្កើន ការទិញយន្តហោះថ្មីទំនើបៗ ដើម្បីកាត់បន្ថយការចាក់ប្រេងបន្ថែមទៀត។
ក្រុមហ៊ុន Boeing បន្តថា ចំនួនអ្នកដំណើរ នឹងកើនឡើង បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ចិន បានពង្រីកជើងហោះហើរទៅកាន់ទីក្រុងតូចៗ ខណៈការធ្វើដំណើរតាមផ្លូវអាកាស ក្នុងស្រុករបស់ប្រទេសចិន ក្លាយជាលំហូរចរាចរណ៍ដ៏មមាញឹកបំផុតនៅលើពិភពលោក។
ក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមក យន្តហោះ Boeing ជាប្រព័ន្ធដឹកអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់របស់វិស័យអាកាសចរណ៍ស៊ីវិលនៅប្រទេសចិន។ ជាមួយគ្នានេះ គ្រឿងបន្លាស់របស់យន្តហោះBoeing ជាង១០.០០០គ្រឿង ត្រូវបានផលិតនៅក្នុងប្រទេសចិន។
សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Boeing ក្នុងប្រទេសចិន បានរួមចំណែក ចាក់បញ្ចូលទឹកប្រាក់ជាង១,៦ពាន់លានដុល្លារក្នុងមួយឆ្នាំ ទៅក្នុងសេដ្ឋកិច្ចចិន ដូចជាការផ្គត់ផ្គង់ ការបណ្តាក់ទុនរួមគ្នា ការបំពេញប្រតិបត្តិការ ការបណ្តុះបណ្តាល និងការវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍៕ប្រភព: The edge Malaysia៕