តើលោក Joko Widodo ប្រធានាធិបតីរបស់ឥណ្ឌូនេស៊ីបន្សល់ទុកសមិទិ្ធផលសំខាន់ៗអ្វីខ្លះ?

ចែករំលែក

តើលោក Joko Widodo ប្រធានាធិបតីរបស់ឥណ្ឌូនេស៊ីបន្សល់ទុកសមិទិ្ធផលសំខាន់ៗអ្វីខ្លះ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានលើកឡើងពីភាពជោគជ័យផ្នែកសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ ជាលើកចុងក្រោយ មុនពេលលោកចុះចេញពីតំណែង។

បន្ទាប់ពីកាន់តំណែង១ទសវត្សរ៍ ជាប្រធានាធិបតីរបស់ប្រទេសមានសេដ្ឋកិច្ចធំ ជាងគេបំផុតនៅតំបន់អាស៊ាន លោក Joko Widodo បានយកចិត្តទុកដាក់ ចំពោះភាពជោគជ័យក្នុងការកសាងផ្លូវ ស្ពាន និងកំពង់ផែទូទាំងប្រទេសឥណ្ឌូនេស៊ី។

លោក​ប្រធានាធិបតី បាន​ថ្លែងប្រាប់​ទៅកាន់សភា​ជាតិ​ឥណ្ឌូនេស៊ីថា​ “យើង​អាច​កសាងមូលដ្ឋានគ្រឹះ​ថ្មី និង​អរិយធម៌ ដោយកសាងចេញពី​តំបន់​ជុំវិញ កសាងចេញពី​ភូមិ និង​កសាងពី​តំបន់​ដាច់ស្រយាល”។

ក្នុងនាមជាថ្នាក់ដឹកនាំកំពូល របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនជាង២៧០លាននាក់ លោក Joko Widodo បានថ្លែងថា ការកាត់បន្ថយភាពក្រីក្រពីអត្រា៦,១% មកនៅក្រោម១% រួមទាំងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ ថែរទាំសុខភាពជាតិ និងកំណែទម្រង់ក្រមព្រហ្ម ទណ្ឌជាជោគជ័យគួរឱ្យកត់សម្គាល់។

លោក Joko Widodo នឹងចាកចេញពីតំណែង ដោយបន្សល់ទុកកំណត់ត្រា កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ប៉ុន្តែលោកក៏កំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំង អំពីទិដ្ឋភាពផ្សេងទៀត រួមមាន ប្រព័ន្ធតុលាការ និងស្ថាប័នប្រឆាំងអំពើពុករលួយ។

កាលពីខែតុលាឆ្នាំមុន តុលាការធម្មនុញ្ញ បានកែប្រែលក្ខ​ខណ្ឌអាយុបេក្ខជន ដោយត្រួសត្រាយផ្លូវឱ្យលោក Gibran Rakabuming Raka វ័យ៣៦ឆ្នាំជាកូនប្រុសច្បងរបស់លោក Joko widodo អាចចូលរួមប្រកួតប្រជែង និងឈ្នះតំណែងជាអនុប្រ​ធា​នាធិបតី។

លោក Gibran រួមជាមួយប្រធានាធិបតី ជាប់ឆ្នោតលោក Prabowo Subianto នឹងត្រូវឡើងកាន់តំណែង ដឹកនាំរដ្ឋាភិបាលថ្មីនៅថ្ងៃទី២០ ខែតុលាខាងមុខ។

ក្នុងអំឡុងពេលថ្លែងបិទសុន្ទរកថា ទៅកាន់សភាជាតិឥណ្ឌូនេស៊ីលោកប្រធានាធិបតី Joko widodo បានសូមទោសដល់ប្រជាជនឥណ្ឌូនេស៊ី ចំពោះចន្លោះប្រហោង ឬការខ្វះខាតណាមួយ ក្នុងអំឡុងពេលកាន់តំណែងរបស់លោក។

លោក​បាន​បញ្ជាក់បន្ថែមថា​ “រយៈពេល១០ឆ្នាំ​ពុំមែន​ជា​រយៈពេល​យូរ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា ​ក្នុង​ប្រទេស​ជាតិ​យើង​នោះ​ទេ​។ ពិតណាស់ ខ្ញុំបានប្រព្រឹត្តកំហុសជាច្រើនដោយជៀសមិនរួច”៕ប្រភព:Bangkok Post៕

 


ចែករំលែក